អ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ និងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានបើកការវាយប្រហារ «ជាមុន» ប្រឆាំងនឹងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់អ៊ីស្រាអែល។
យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកអ៊ីស្រាអែល ឃែតហ្ស៍ (Israel Katz) បានប្រកាសពីភាពអាសន្នពិសេសនិងបន្ទាន់នៅគ្រប់តំបន់ទាំងអស់នៃប្រទេសអ៊ីស្រាអែល។
ក្រសួងបានព្រមានថា ការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រឆាំងនឹងអ៊ីស្រាអែល ហើយប្រជាជនស៊ីវិលរបស់ខ្លួនត្រូវបានគេរំពឹងទុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងនៅទូទាំងអ៊ីស្រាអែល ដើម្បីព្រមានដល់សាធារណជនឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ហើយសេវាកម្មទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់មួយចំនួននៃទីក្រុងតេអេរ៉ង់។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានហាមឃាត់សកម្មភាពអប់រំ ការជួបជុំសាធារណៈ និងការចូលរួមក្នុងកន្លែងធ្វើការ ដោយអនុញ្ញាតឱ្យមានករណីលើកលែងសម្រាប់សេវាកម្មសំខាន់ៗ។
ការហោះឡើង និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ជិតទីក្រុងតែលអាវីវ ត្រូវបានផ្អាក ហើយអ្នកដំណើរត្រូវបានណែនាំមិនឱ្យទៅអាកាសយានដ្ឋាននោះទេ។ នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋានបានចេញផ្សាយ៕





