ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក ស្តេហ្វេន ឌូចារិក (Stephane Dujarric) អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គូតេរេស (Antonio Guterres) កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាពរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
លោក ឌូចារិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា «ខ្ញុំអាចប្រាប់អ្នកថា អគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សារវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន និងផលប៉ះពាល់ដែលអំពើហិង្សាកំពុងមានលើប្រជាជនស៊ីវិល»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រមុខអង្គការសហប្រជាជាតិបានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកដល់ភាគីនានាឱ្យដោះស្រាយភាពខុសគ្នាណាមួយតាមរយៈការទូត។
លោក ឌូចារិក បាននិយាយថា យោងតាមអ្នកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជម្លោះ ភាពក្រីក្រ និងគ្រោះមហន្តរាយធម្មជាតិជាច្រើនឆ្នាំ ដូចជាគ្រោះរាំងស្ងួត និងរញ្ជួយដី បានធ្វើឱ្យប្រជាជនជិតពាក់កណ្តាលនៃប្រទេសទាំងនោះត្រូវការជំនួយមនុស្សធម៌។
លោកបាននិយាយថា «ចំនួននេះនឹងកើនឡើងបើការប្រយុទ្ធគ្នានៅតែបន្ត ឬកាន់តែធ្ងន់ធ្ងរជាងនេះ»។
លោក ឌូចារិក បាននិយាយថា «យើងបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់នៃជម្លោះឱ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ជាពិសេស ដើម្បីធានាថា ជនស៊ីវិលត្រូវបានទទួលការការពារគ្រប់ពេលវេលា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





