បណ្តាប្រទេសនៅអឺរ៉ុបជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីតំបន់មជ្ឈិមបូព៌ា ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កើនឡើង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសមួយចំនួននៅអឺរ៉ុបកាលពីថ្ងៃសុក្រ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញ ឬជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតនៅតំបន់មជ្ឈិមបូព៌ា ដោយសារតែភាពតានតឹងកាន់តែកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនបានដកបុគ្គលិកចេញពីប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន ដោយស្ថានទូតរបស់ខ្លួនបន្តប្រតិបត្តិការពីចម្ងាយ និងបានណែនាំពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសនេះ។
ក្រសួងការបរទេសបារាំងបានចេញសេចក្តីជូនដំណឹងសន្តិសុខសម្រាប់ជនជាតិបារាំងប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ទីក្រុងយេរូសាឡឹម និងតំបន់វេស្តប៊ែង ដោយលើកឡើងពីផលវិបាកក្នុងតំបន់ដែលអាចកើតមានពីស្ថានភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។ ក្រសួងក៏បានព្រមានអំពីការលុបចោលជើងហោះហើរ ឬការពន្យារពេលដែលអាចកើតមាន និងបានជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការជួបជុំគ្នាផងដែរ។
ប្រទេសអ៊ីតាលីបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់និងបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ក្រសួងការបរទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ជនជាតិអ៊ីតាលីនៅ (អ៊ីរ៉ង់) សម្រាប់គោលបំណងទេសចរណ៍ ឬអ្នកដែលមានវត្តមានមិនចាំបាច់ត្រូវបានជំរុញឱ្យចាកចេញ» និងមិនបានលើកទឹកចិត្តដល់ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ និងលីបង់ឡើយ។
ប្រទេសអាល្លឺម៉ង់បានធ្វើបច្ចុប្បន្នភាពចំពោះសេចក្តីណែនាំអំពីការធ្វើដំណើររបស់ពលរដ្ឋខ្លួន ដើម្បីបង្អាក់ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលទាំងអស់ ដោយពង្រីកសេចក្តីណែនាំពីមុនដែលអនុវត្តចំពោះតែតំបន់មួយចំនួននៃប្រទេសនោះប៉ុណ្ណោះ។
ក្រសួងការបរទេសប៉ូឡូញ បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងលីបង់ជាបន្ទាន់ ដោយបានព្រមានថាស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ាមិនស្ថិតស្ថេរទេ ហើយការបិទដែនអាកាសស៊ីវិលដែលអាចកើតមានអាចធ្វើឱ្យជើងហោះហើរមិនអាចទៅរួច ឬរំខានយ៉ាងធ្ងន់ធ្ងរ។
ក្រសួងការបរទេសហូឡង់បានដំឡើងការជូនដំណឹងអំពីការធ្វើដំណើររបស់ខ្លួនទៅជាពណ៌ក្រហមសម្រាប់តំបន់ព្រំដែនរវាងអ៊ីស្រាអែលតំបន់ហ្គាហ្សា លីបង់ និងអេហ្ស៊ីប ដោយលើកឡើងពីភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការជូនដំណឹងនេះដោយសារតែភាពតានតឹងបច្ចុប្បន្ននៅមជ្ឈិមបូព៌ា និងស្ថានភាពសន្តិសុខនៅអ៊ីស្រាអែលមិនប្រាកដប្រជា» ដោយបានបន្ថែមថា «បើទោះបីជាស្ថានភាពរបស់អ្នកយ៉ាងណាក៏ដោយ កុំធ្វើដំណើរទៅទីនោះ។ វាមានគ្រោះថ្នាក់ខ្លាំង»។
ក្រសួងការបរទេសហ្វាំងឡង់បានណែនាំពលរដ្ឋឱ្យជៀសវាងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយត្រូវចាកចេញពីប្រទេសយេម៉ែន និងលីប៊ីជាបន្ទាន់។ ក្រសួងការបរទេសស៊ែរប៊ីក៏បានប្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។ ក្រសួងការបរទេសស៊ុយអែតបាននិយាយនៅក្នុងខែកុម្ភៈថា អ្នកដែលសម្រេចចិត្តស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់មិនគួររំពឹងថានឹងមានការជម្លៀសណាមួយដែលឧបត្ថម្ភដោយរដ្ឋាភិបាលនោះទេ ដោយបានធ្វើបច្ចុប្បន្នភាពទៅលើសេចក្តីជូនដំណឹងរបស់ខ្លួនកាលពីខែមករាថា ពលរដ្ឋរបស់ខ្លួនគួរតែជៀសវាងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយចាកចេញពីប្រទេសនោះជាបន្ទាន់។
នាវាផ្ទុកយន្តហោះធំជាងគេរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក គឺនាវា USS Gerald R. Ford បានទៅដល់ឆ្នេរសមុទ្រអ៊ីស្រាអែលហើយកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចចរចាដោយប្រយោលជុំទីបីដែលគ្មានផ្លែផ្ការវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតអំពីអន្តរាគមន៍យោធាដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់។
សហរដ្ឋអាមេរិកបានប្រមូលផ្តុំក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចំនួនពីរក្រុម យន្តហោះប្រយុទ្ធជាង ១៥០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 និងបានពង្រឹងមូលដ្ឋានរបស់ខ្លួននៅហ្ស៊កដានី និងអ៊ីស្រាអែល។ ទីក្រុងវ៉ាស៊ីនតោនបានជម្លៀសបុគ្គលិកដែលមិនចាំបាច់ចេញពីស្ថានទូតរបស់ខ្លួននៅទីក្រុងបេរូត។
ទន្ទឹមនឹងនេះ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងសងសឹកប្រឆាំងនឹងមូលដ្ឋានយោធាអាម៉េរិកនៅក្នុងតំបន់ ប្រសិនបើខ្លួនត្រូវបានវាយប្រហារ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលហូឡង់ បានឱ្យដឹងថា ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់អាចបណ្តាលឱ្យមានការលុបចោលជើងហោះហើរ និងការបិទដែនអាកាសរយៈពេលយូរ។ ហានិភ័យនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងគ្រាប់មីស៊ីលក៏នៅតែមានផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





