កិច្ចប្រជុំកំពូលកូរ៉េខាងជើង-សហរដ្ឋអាមេរិកនៅខែមេសាខិតជិតមកដល់ហើយ ខណៈដែលភាគីទាំងពីរបង្ហាញពីភាពបើកចំហ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការសង្ស័យកំពុងកើនឡើងទាក់ទងនឹងកិច្ចប្រជុំកំពូលដែលអាចកើតមានរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Ung) ដែលអាចកើតឡើងស្របគ្នានឹងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិននៅនិទាឃរដូវនេះ។កាលពីពេលថ្មីៗនេះ ប្រទេសទាំងពីរបានបង្ហាញឆន្ទៈប្រុងប្រយ័ត្នក្នុងការចូលរួម ដោយលោក គីម ជុងអ៊ុន បាននិយាយថា «ការរួមរស់ដោយសន្តិភាព» គឺអាចធ្វើទៅបាន ប្រសិនបើសហរដ្ឋអាមេរិកដក«គោលនយោបាយអរិភាព» របស់ខ្លួនចេញ ហើយគោរពឋានៈរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ(Marco Rubio) បានបន្ទរភាពបើកចំហនេះ ដោយបានកត់សម្គាល់ថាទីក្រុងវ៉ាស៊ីនតោននៅតែមានឆន្ទៈក្នុងការស្តាប់អំពីទស្សនៈផ្ទុយគ្នា។
ទោះបីជាមានសក្តានុពលសម្រាប់កិច្ចប្រជុំកំពូលនេះក៏ដោយ ក៏ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចបានលទ្ធផលជាក់ស្តែងនឹងមានការលំបាក ដោយសារតែគោលបំណងខុសគ្នាជាមូលដ្ឋាន។ កូរ៉េខាងជើងហាក់ដូចជាកំពុងស្វែងរកការទទួលស្គាល់ដោយសម្ងាត់ថាជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយវត្តមានយោធាអាម៉េរិកនៅក្នុងតំបន់ជាជាងការបន្តការរំសាយអាវុធនុយក្លេអ៊ែរ។ អ្នកវិភាគបានលើកឡើងថា កិច្ចចរចាណាមួយនាពេលអនាគតអាចស្រដៀងនឹងកិច្ចចរចាគ្រប់គ្រងអាវុធជាជាងការរំសាយអាវុធ ដោយសារទីក្រុងព្យុងយ៉ាងបានពិពណ៌នាអំពីតួនាទីនុយក្លេអ៊ែររបស់ខ្លួនថាមិនអាចត្រឡប់វិញបាន។
ទេសភាពការទូតកាន់តែស្មុគស្មាញ ដោយសារការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងក្លារបស់កូរ៉េខាងជើងចំពោះកូរ៉េខាងត្បូង។ខណៈដែលលោក គីម ជុងអ៊ុន បានទុកទ្វារចំហសម្រាប់កិច្ចចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក លោកបានហៅការជ្រៀតជ្រែករបស់រដ្ឋបាលលោក លី ជេម្យុង (Lee Jae-myung) ក្នុងពេលដំណាលគ្នាថា «ជាការបោកប្រាស់» ហើយបានកំណត់ជាផ្លូវការថា កូរ៉េខាងត្បូងជាអង្គភាពអរិភាព។ យុទ្ធសាស្ត្រ «គាំទ្រសហរដ្ឋអាមេរិក ប្រឆាំងកូរ៉េខាងត្បូង» នេះបានបង្ហាញថា ទីក្រុងព្យុងយ៉ាងចូលចិត្តរំលងទីក្រុងសេអ៊ូលទាំងស្រុងដើម្បីចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





