សិង្ហបុរីបង្កើនការចំណាយដើម្បីជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងអប់រំ (MOE) របស់ប្រទេសសិង្ហបុរី បានប្រកាសថា ប្រទេសនេះនឹងបម្រុងថវិកាចំនួន៥៥៦លានដុល្លារសិង្ហបុរី (ជាង ៤៤០លានដុល្លារអាម៉េរិក) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។
ថវិកានេះ មានការកើនឡើងប្រហែល ២០% ពីថវិកាចំនួន ៤៥៧លានដុល្លារអាម៉េរិក ដែលបានកំណត់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗដែលបានដាក់ចេញដោយក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គម (SSRC)។
ថ្លែងនៅក្នុងពិធីបើកពិធីគំនិតវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រុមប្រឹក្សា SSRC នៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី (SMU) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ដេសម៉ុនដ៍ លី (Desmond Lee) បាននិយាយថានៅក្នុងគ្រាដ៏ស្មុគស្មាញ និងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ហើយក្នុងចំណោមការផ្លាស់ប្តូរទាំងនេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រអាចជួយប្រទេសសិង្ហបុរីឱ្យយល់អំពីអ្វីដែលកំពុងកើតឡើងកំណត់ទិសដៅ កំណត់និន្នាការ ជៀសវាងគ្រោះថ្នាក់ និងចាប់យកឱកាស។
លោកបានកត់សម្គាល់ថា ការស្រាវជ្រាវបែបនេះអាចផ្តល់ព័ត៌មានដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុកាត់បន្ថយហានិភ័យ និងទាញយកឱកាសដែលកើតចេញពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារ និងសង្គម គាំទ្រដល់ប្រជាជនវ័យចំណាស់ និងពង្រឹងទំនុកចិត្តរវាងសហគមន៍នៅក្នុងពិភពលោកដ៏ច្របូកច្របល់។
លោកបានបន្ថែមថា ការស្រាវជ្រាវវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្ររបស់ប្រទេសសិង្ហបុរីក៏អាចជួយដោះស្រាយបញ្ហាប្រឈមជាសកលផងដែរ។
យោងតាមលោក លី បានឱ្យដឹងថា ក្រុមប្រឹក្សា SSRC នឹងគាំទ្រគម្រោងនាពេលខាងមុខ រួមទាំងការសិក្សាទៅលើបញ្ហាប្រឈមក្នុងតំបន់ដូចជាភាពងាយរងគ្រោះនៃសន្តិសុខតាមអ៊ីនធឺណិតឆ្លងដែនជាដើម ដោយផ្តល់នូវការយល់ដឹងអំពីរបៀបដែលប្រទេសសិង្ហបុរី និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍អាចបង្កើនភាពធន់សម្រាប់តំបន់។
លោក លី បាននិយាយថា បន្ថែមពីលើការបង្កើតអាហារូបករណ៍រដ្ឋាភិបាលសិង្ហបុរីចង់គាំទ្រដល់ការស្រាវជ្រាវអនុវត្តដែលអាចសម្រេចបាននូវផលប៉ះពាល់ក្នុងពិភពពិត និងជួយយកឈ្នះលើបញ្ហាប្រឈមរបស់ប្រទេសសិង្ហបុរី។
ថវិកាថ្មីនេះនឹងពង្រឹងបន្ថែមទៀតដល់ស្នូលនៃអ្នកស្រាវជ្រាវសិង្ហបុរីតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធីអាហារូបករណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាដើម ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តអ្នកស្រាវជ្រាវសិង្ហបុរីដែលមានអាជីពដំបូងដែលមានមូលដ្ឋាននៅក្រៅប្រទេសសម្រាប់ការបណ្តុះបណ្តាលថ្នាក់បណ្ឌិតឬក្រោយបណ្ឌិតរបស់ពួកគេឱ្យត្រឡប់មកវិញ និងទទួលយកការតែងតាំងនៅក្នុងស្ថាប័នអប់រំក្នុងស្រុក។
ចាប់តាំងពីក្រុមប្រឹក្សា SSRC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ វាបានផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវចំនួន៥៤ ក្រោមជំនួយស្រាវជ្រាវវិទ្យាសាស្ត្រសង្គម ដោយអ្នកស្រាវជ្រាវអាជីពដំបូងចំនួន ២១នាក់ និងគម្រោងអាហារូបករណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤៨។គម្រោងស្រាវជ្រាវទាំងនេះគ្របដណ្តប់លើប្រធានបទនានា ដូចជាការវិវត្តនៃភូមិសាស្ត្រនយោបាយនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ លំនៅឋានសាធារណៈ និងការយល់ដឹងអំពីភាពចាស់ជរានៅក្នុងប្រទេសសិង្ហបុរីជាដើម។
យោងតាមលោក លី បានឱ្យដឹងថា មូលនិធិចំនួន ៤៥៧លានដុល្លារអាម៉េរិកសម្រាប់ការស្រាវជ្រាវបែបនេះចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ បានគាំទ្រគម្រោងស្រាវជ្រាវជិត ៨០គម្រោង លើវិស័យមួយចំនួន ដូចជាវិទ្យាសាស្ត្រអាកប្បកិរិយា មនុស្សសាស្ត្រវេជ្ជសាស្ត្រ និងនិរន្តរភាពព្រមទាំងបានបណ្តុះបណ្តាលអ្នកស្រាវជ្រាវក្នុងស្រុកជាច្រើន រួមទាំងនិស្សិតបណ្ឌិតប្រហែល ២០០នាក់ផងដែរ៕





