ភ្នំភ្លើងកាន់ឡាអនផ្ទុះឡើងដោយបញ្ចេញផេះឡើងដល់កម្ពស់ ២,៥គីឡូម៉ែត្រ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ភ្នំភ្លើងកាន់ឡាអន (Kanlaon)នៅកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៦ ដោយបង្កើតជាផេះដែលហុយឡើងទៅលើប្រហែល២.៥០០ម៉ែត្រពីលើរណ្ដៅភ្នំភ្លើង មុនពេលរសាត់ទៅភាគនិរតី។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បានរាយការណ៍ថាការផ្ទុះកម្រិតមធ្យម ដែលជាការផ្ទុះលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧:០៤នាទីយប់ (ម៉ោងក្នុងស្រុក) ដែលមានរយៈពេលប្រហែលពីរនាទី។
កម្រិតប្រកាសអាសន្នកម្រិតពីរនៅតែមានប្រសិទ្ធភាពសម្រាប់ភ្នំភ្លើងកាន់ឡាអន ដោយហាមឃាត់ការចូលទៅក្នុងតំបន់គ្រោះថ្នាក់អចិន្ត្រៃយ៍៤គីឡូម៉ែត្រ ដោយសារតែភាពចលាចលដែលកំពុងបន្ត និងហានិភ័យនៃសកម្មភាពផ្ទុះភ្លាមៗ។
ភ្នំភ្លើងកាន់ឡាអន ដែលជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ នៅក្នុងប្រទេសប្រជុំកោះមួយនេះ មានការផ្ទុះខ្លាំងៗជាច្រើនលើកក្នុងសតវត្សកន្លងមក រួមទាំងការផ្ទុះកាលពីក្នុងឆ្នាំ១៩៩៦ ដែលបានសម្លាប់អ្នកទៅដើរលេងនៅទីនោះចំនួនបីនាក់ផងដែរ។
ប្រទេសហ្វីលីពីនស្ថិតនៅតាមបណ្តោយ «រង្វង់ភ្លើង» ប៉ាស៊ីហ្វិក ដែលជាតំបន់សកម្មរញ្ជួយដី ដែលជាជម្រករបស់ភ្នំភ្លើងជាងពាក់កណ្តាលរបស់ពិភពលោក។
ការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាបំផុតរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានកើតឡើងនៅក្នុងឆ្នាំ១៩៩១ នៅពេលដែលភ្នំភ្លើងពីណាទូបូបានផ្ទុះឡើងប្រហែល ១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ដោយបានសម្លាប់មនុស្សជាង ៨០០នាក់៕





