កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ព្រមព្រៀងគ្នាបន្តគម្រោងសហប្រតិបត្តិការវិនិយោគដែលមានតម្លៃជាង ៦៥ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមជំនួយការកំពូលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានព្រមព្រៀងគ្នាបន្តគម្រោងសហប្រតិបត្តិការដែលមានតម្លៃជាង ៦៥ប៊ីលានដុល្លារអាម៉េរិក រួមទាំងជាង ៣៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឧស្សាហកម្មការពារជាតិ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
លោក កាង ហ៊ូនស៊ីក (Kang Hoon-sik) បានប្រកាសពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានាធិបតីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ក្នុងអំឡុងពេលនោះ លោកបានប្រគល់លិខិតផ្ទាល់ខ្លួនរបស់លោក លី ទៅកាន់ប្រធានាធិបតី លោក ម៉ូហាមេដ ប៊ីន ហ្សាយេដ អាល់ ណាហ៍យ៉ាន់ (Mohamed bin Zayed Al Nahyan) និងបានជួបពិភាក្សាជាមួយលោក ខាល់ដូន ខាលីហ្វា អាល់ មូបារ៉ាក់ (Khaldoon Khalifa Al Mubarak) ប្រធានអាជ្ញាធរកិច្ចការប្រតិបត្តិរបស់ទីក្រុងអាប៊ូដាប៊ី។
លោក កាង បានប្រាប់អ្នកយកព័ត៌មាននៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិអ៊ីនឆុន ភាគខាងលិចទីក្រុងសេអ៊ូលថា «ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្តគម្រោងដែលមានតម្លៃជាង ៦៥ប៊ីលានដុល្លារអាម៉េរិក រួមទាំង ៣៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឧស្សាហកម្មការពារជាតិ និង ៣០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ»។
សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើក្របខ័ណ្ឌសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ដើម្បីពង្រីកកិច្ចសហការនៅទូទាំងវិស័យនេះ។
ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នារៀបចំរចនាសម្ព័ន្ធឡើងវិញនូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីដែលមានតម្លៃ ៣០ប៊ីលានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេកាន់តែប្រសើរឡើង។
លោក កាង បាននិយាយថា ក្របខ័ណ្ឌថ្មីនេះមានបំណងជួយអនុវត្តន៍ការសន្យាវិនិយោគចំនួន ៣០ប៊ីលានដុល្លារអាម៉េរិករបស់ប្រទេស UAE ចំពោះប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការចូលរបស់ក្រុមហ៊ុនកូរ៉េចូលទៅក្នុងប្រទេសមជ្ឈិមបូព៌ា និងការពង្រីករួមគ្នាទៅក្នុងទីផ្សារប្រទេសទីបី។
នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ ប្រទេសទាំងពីរមានគម្រោងពង្រីកកិច្ចសហប្រតិបត្តិការវដ្តពេញលេញដោយផ្អែកលើបទពិសោធន៍របស់ពួកគេជាមួយរោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅប្រទេស UAE រួមទាំងកិច្ចសហការលើការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរ សមត្ថភាពថែទាំ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រតិបត្តិការរោងចក្រ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េបានកើតឡើងបន្ទាប់ពីលោក លី និងលោក សីខ៍ ម៉ូហាមេដ (Sheikh Mohamed) បានធ្វើកិច្ចពិភាក្សាកំពូលនៅទីក្រុងអាប៊ូដាប៊ី ក្នុងខែវិច្ឆិកា និងបានពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ AI ឧស្សាហកម្មការពារជាតិ ថាមពលនុយក្លេអ៊ែរ និងវិស័យផ្សេងៗទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





