ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រទេសប្រេស៊ីលកើនឡើងដល់ ៤៦នាក់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមការអាប់ដេតផ្លូវការចុងក្រោយបំផុតកាលពីថ្ងៃពុធ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋមីណាស់ជេរ៉ាយស៍ ភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានកើនឡើងដល់ ៤៦នាក់ ដោយមានមនុស្ស ២១ នាក់នៅតែបាត់ខ្លួន។
ទីក្រុងដែលរងគ្រោះខ្លាំងជាងគេគឺទីក្រុងហ្សុយដឺហ្វូរ៉ា មានចំនួនអ្នកស្លាប់ ៤០នាក់ ខណៈដែលទីក្រុងជិតខាងយូបា បានរាយការណ៍ពីការស្លាប់ចំនួន ៦នាក់។ អាជ្ញាធរបានបន្ថែមថា មនុស្ស ១៩នាក់នៅតែបាត់ខ្លួនក្នុងទីក្រុងហ្សុយដឺហ្វូរ៉ា និង២នាក់នៅទីក្រុងយូបា។
មនុស្សប្រហែល ៣០០០នាក់ក្នុងទីក្រុងហ្សុយដឺហ្វូរ៉ា និង២៦នាក់នៅទីក្រុងយូបា គ្មានផ្ទះសម្បែង ខណៈដែលប្រជាជន ៤០០នាក់ និង ១៧៨នាក់រៀងគ្នាត្រូវបានជម្លៀសចេញដោយសារតែហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់។
អាជ្ញាធរទីក្រុងហ្សុយដឺហ្វូរ៉ា និងទីក្រុងម៉ាតាស បារបូសា បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសាធារណៈ ដើម្បីចូលប្រើធនធានសហព័ន្ធ និងពន្លឿនការឆ្លើយតបក្នុងគ្រាអាសន្ន។ ថ្នាក់រៀននៅទូទាំងសាលារៀនក្រុងត្រូវបានផ្អាក។
ភ្លៀងធ្លាក់ខ្លាំងបានបន្ដធ្លាក់កាន់តែខ្លាំងឡើងកាលពីរសៀលថ្ងៃច័ន្ទបានបណ្តាលឱ្យទន្លេហូរហៀរ ដែលនាំឱ្យមានការបិទស្ពាន និងផ្លូវរូងក្រោមដី រួមជាមួយនឹងដើមឈើដួលរលំ និងបិទផ្លូវ។ ខែកុម្ភៈនេះបានក្លាយជាខែដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងកំណត់ត្រានៅទីក្រុងហ្សុយដឺហ្វូរ៉ាដោយមានកម្រិតទឹកភ្លៀងច្រើនជាងពីរដងនៃមធ្យមភាគប្រវត្តិសាស្ត្រ។
ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានសម្តែងសាមគ្គីភាពជាមួយជនរងគ្រោះនិងក្រុមជួយសង្គ្រោះ ខណៈដែលអភិបាលរដ្ឋ មីណាស់ជេរ៉ាយស៍ លោក រ៉ូមីយ ហ្សេម៉ា (Romeu Zema) បានប្រកាសកាន់ទុក្ខជាផ្លូវការរយៈពេលបីថ្ងៃនៅក្នុងរដ្ឋ។ ក្រសួងការពារជាតិកំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងបន្ទាន់ជាមួយនឹងការដាក់ពង្រាយកងទ័ពសម្រាប់ការសម្អាត ការដកយកកំទេចកំទីជំនួយភស្តុភារ ជម្រកបណ្តោះអាសន្ន និងប្រតិបត្តិការមនុស្សធម៌ដែលមានជំនួយពីឧទ្ធម្ភាគចក្រ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





