មេដឹកនាំហ្ស៊កដានី និងឥណ្ឌូនេស៊ី ជំរុញឱ្យមានការសន្ទនាដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងនៃប្រទេសហ្ស៊កដានី បានឱ្យដឹងថា ព្រះមហាក្សត្រ អាប់ឌុលឡាហ៍ (Abdullah) ទី២ នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ដែលកំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃពុធ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសន្ទនាដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ដោយអំពាវនាវឱ្យមានការគាំទ្រដល់អធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងលីបង់ និងការជំរុញឡើងវិញសម្រាប់ដំណោះស្រាយរដ្ឋពីរ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេ ព្រះមហាក្សត្របានគូសបញ្ជាក់ពីសារៈសំខាន់នៃបណ្តាញការទូតក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងប្រទេសអ៊ីរ៉ង់ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ស្តីពីបញ្ហាប៉ាឡេស្ទីន ព្រះមហាក្សត្របានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ហ្ស៊កដានីចំពោះវិធានការកើនឡើងរបស់អ៊ីស្រាអែល ដែលមានគោលបំណងពង្រីកការតាំងទីលំនៅ និងការគ្រប់គ្រងដីធ្លីនៅតំបន់វេសប៊ែងដោយព្រមានប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់នៅកន្លែងដ៏ពិសិដ្ឋរបស់មូស្លីមសាសនា និងគ្រិស្តសាសនានៅទីក្រុងហ្សេរុយសាឡឹម។
លោកបានសរសើរការគាំទ្ររបស់ឥណ្ឌូនេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា ដោយបង្ហាញពីការត្រៀមខ្លួនរបស់ហ្ស៊កដានីសម្រាប់ការសម្របសម្រួល។
ចំពោះលោកប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់ជាថ្មីថាដំណោះស្រាយរដ្ឋពីរនៅតែជាផ្លូវតែមួយគត់ដែលអាចសម្រេចបានឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងបានសម្តែងការគាំទ្រចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។
លោកក៏បានព្រមានផងដែរថា ការកើនឡើងជាបន្តបន្ទាប់នៅតំបន់វេសប៊ែងអាចមានផលវិបាកធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថិរភាពនៅតំបន់ហ្គាហ្សា។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





