ការប្រកួតតេក្វាន់ដូជើងឯក ស.ស.យ.ក រាជធានីចាប់ដំណើរការចាប់ពីថ្ងៃស្អែក ក្នុងគោលបំណងចម្បងៗជាច្រើន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦--សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញបានប្រកាសថា សមាគមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក. លើកទី២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅអគារខេមរានីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញលើ៦២វិញ្ញាសា ក្នុងគោលបំណងចម្បងៗជាច្រើន។

ឯកឧត្តមបណ្ឌិត ជ័យ ចាប ប្រធានសមាគមកីឡាបានគូសបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនេះថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៥ និងជាការបណ្តុះនូវស្មារតីនៃការចងចាំ និងដឹងនូវឧបការគុណចំពោះការលះបង់របស់វីរយុទ្ធជនកងទ័ព ក្នុងការរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតកម្ពុជាប្រជាធិបតេយ្យ និងដើម្បីជាការពង្រឹងនូវស្មារតីសាមគ្គីភាព ទឹកចិត្តមោះមុត អង់អាចក្លាហាន ជាថ្នាលនិស្ស័យកីឡាវ័យក្មេង ត្រៀមលក្ខណៈចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងឆ្ពោះទៅចូលរួមប្រកួតកីឡាអន្តរជាតិនានា នាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ជាមួយនឹងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីក្លឹបនានា គណៈកម្មការរៀបចំបានរៀបចំវិញ្ញាសាជាច្រើន ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបានចូលរួមប្រកួតប្រជែងបង្ហាញគុណភាពច្ចេកទេស ក្នុងការដណ្តើមជ័យលាភី។ វិញ្ញាសាទាំងអស់មានចំនួនសរុប ៦២វិញ្ញាសា ក្នុងនោះមានវិញ្ញាសាមេគុនឯកត្តជន មេគុនគុ និងមេគុនក្រុម ១៨វិញ្ញាសា វិញ្ញាសាទាត់ល្បឿន កុមារា កុមារី យុវជន ១៦វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធកុមារ កុមារី ក្រោមអាយុ១២ឆ្នាំ យុវជន យុវនារី ក្រោមអាយុ ១៨ឆ្នាំ សរុប២៨វិញ្ញាសា៕


ដោយ ហេង ណាលីន (រូបភាពឯកសារ)





