សហរដ្ឋអាមេរិកចេញទណ្ឌកម្មថ្មីទាក់ទងនឹងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មជុំថ្មីមួយកាលពីថ្ងៃពុធ ដែលផ្តោតទៅលើកងនាវាស្រមោល និងបណ្តាញផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បាននិយាយថាខ្លួនបានដាក់ទណ្ឌកម្មទៅលើបុគ្គល អង្គភាព និងនាវាជាង ៣០គ្រឿង ដែលអនុញ្ញាតឱ្យមានការលក់ប្រេងឥន្ធនៈខុសច្បាប់របស់អ៊ីរ៉ង់ និងការផលិតមីស៊ីលផ្លោង និងអាវុធទំនើប (ACW) របស់អ៊ីរ៉ង់។
វិធានការទាំងនេះផ្តោតទៅលើនាវាបន្ថែម ដែលកំពុងប្រតិបត្តិការនៅក្នុងអ្វីដែលហៅថា «កងនាវាស្រមោល» របស់អ៊ីរ៉ង់ - បណ្តាញនាវាដឹកប្រេង និងអន្តរការីដែលដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈរបស់អ៊ីរ៉ង់ទៅកាន់ទីផ្សារបរទេស។
យោងតាមក្រសួងនោះ បានឱ្យដឹងថា ប្រាក់ចំណូលដែលទទួលបានពីការលក់ទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការបង្ក្រាបក្នុងស្រុក គាំទ្រក្រុមប្រូកស៊ីប្រដាប់អាវុធ និងជំរុញការអភិវឌ្ឍអាវុធ។
ទណ្ឌកម្មនេះក៏ផ្តោតសំខាន់ទោលើបណ្តាញផ្គត់ផ្គង់ ដែលភ្ជាប់ទៅនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រសួងការពារជាតិ និងភស្តុភារកងកម្លាំងប្រដាប់អាវុធ (MODAFL) ផងដែរ។ ក្រសួងរតនាគារបានចោទប្រកាន់ថា បណ្តាញទាំងនេះជួយធានាសារធាតុគីមីបឋម គ្រឿងចក្រនិងសម្ភារៈផ្សេងទៀតដែលចាំបាច់ដើម្បីកសាងសមត្ថភាពផលិតមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ឡើងវិញ និងពង្រីកកម្មវិធី ACW របស់ខ្លួន។
លោក ស្កុតត៍ បេសសេនត៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា «អ៊ីរ៉ង់កេងប្រវ័ញ្ចប្រព័ន្ធហិរញ្ញវត្ថុដើម្បីលក់ប្រេងខុសច្បាប់លាងលុយកខ្វក់ ទិញគ្រឿងបន្លាស់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន និងគាំទ្រដល់ភេរវករ»។
លោក បេសសេនត៍ បានបន្ថែមថា ក្រសួងនឹងបន្តដាក់សម្ពាធជាអតិបរមាទៀតទៅលើអ៊ីរ៉ង់ដើម្បីកំណត់គោលដៅសមត្ថភាពអាវុធរបស់របបនេះ និងការគាំទ្រភេរវកម្ម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





