រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងវៀតណាម ពិភាក្សាគ្នាអំពីភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវ ៩Sergey Lavrov) និងសមភាគីវៀតណាម លោក ឡេ ហយទ្រុង (Le Hoai Trung) បានពិភាក្សាគ្នាអំពីវិធានការនានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត រួមទាំងទំនាក់ទំនងនាពេលខាងមុខនៅកម្រិតផ្សេងៗ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំអ្នកការទូតកំពូលទាំងពីរនៅទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ។
ក្រសួងការបរទេសបាននិយាយថា «ក្នុងបរិយាកាសមិត្តភាពជាប្រពៃណី ភាគីទាំងពីរបានពិភាក្សាគ្នាអំពីជំហាននានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត រួមទាំងទំនាក់ទំនងនាពេលខាងមុខនៅកម្រិតផ្សេងៗ បញ្ហានៃកិច្ចសហប្រតិបត្តិការអន្តរក្រសួង ក៏ដូចជាបញ្ហាបច្ចុប្បន្ននៅក្នុងរបៀបវារៈអន្តរជាតិ»។
លោក ឡេ ហយទ្រុង បានទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងនាមជាបេសកជនពិសេសរបស់អគ្គលេខាធិការគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡាំ (To Lam)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





