រដ្ឋាភិបាលអ៊ីរ៉ង់បញ្ជាក់ពីកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជុំទីបីនៅទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី ហ្វាតេម៉េហ៍ ម៉ូហាចេរ៉ានី (Fatemeh Mohajerani) ។
លោកស្រី ម៉ូហាចេរ៉ានី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញថា «កិច្ចចរចានឹងត្រូវធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃស្អែក»។ លោកស្រីបានបន្ថែមថា មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់នឹងរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចពិគ្រោះយោបល់នោះ។
នៅពេលមុននេះ ទីភ្នាក់ងារសារព័ត៌មាន ISNA បាននិយាយថា កិច្ចពិគ្រោះយោបល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជុំទីបី ស្តីពីការដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងធ្វើឡើងនៅបេសកកម្មការទូតរបស់ប្រទេសអូម៉ង់នៅទីក្រុងហ្សឺណែវ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា ប្រធានគណៈប្រតិភូអ៊ីរ៉ង់ គឺរដ្ឋមន្ត្រីការបរទេស លោក អាបាស អារ៉ាកឈី (Abbas Araghchi)ចាកចេញពីទីក្រុងតេអេរ៉ង់ទៅកាន់ទីក្រុងហ្សឺណែវកាលពីល្ងាចថ្ងៃពុធម្សិលមិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





