ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់អារ៉ាប់នឹងកើនឡើង ៣,៧% នៅឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីខាងលិច (ESCWA) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់តំបន់អារ៉ាប់ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមរបស់ខ្លួនត្រូវបានព្យាករថានឹងកើនឡើង ៣,៧% នៅឆ្នាំ២០២៦ និង៣,៣% នៅឆ្នាំ២០២៧។
របាយការណ៍ដែលមានចំណងជើងថា «ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនៅក្នុងតំបន់អារ៉ាប់» បានកត់សម្គាល់ថា អត្រាអតិផរណាក្នុងតំបន់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៨,២% នៅឆ្នាំ២០២៥ មកត្រឹម ៥,៤% នៅឆ្នាំ២០២៧ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រេង និងការថយចុះនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
យោងតាមរបាយការណ៍បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយតំបន់នេះនៅតែប្រឈមមុខនឹងការប៉ះទង្គិច និងភាពមិនប្រាកដប្រជាជាច្រើនដែលបានដាក់បន្ទុកយ៉ាងខ្លាំងទៅលើទស្សនវិស័យកំណើន រួមទាំងអស្ថិរភាពភូមិសាស្ត្រនយោបាយ សង្គ្រាម និងជម្លោះ ការរំខានពាណិជ្ជកម្មនៅសមុទ្រក្រហម និងភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មសកល។
របាយការណ៍នេះបាននិយាយថា ការកើនឡើងនៃការផលិតប្រេង និងឧស្ម័នដែលបានព្យាករណ៍ បន្ថែមពីលើការធ្វើពិពិធកម្មកាន់តែប្រសើរឡើងឆ្ងាយពីវិស័យអ៊ីដ្រូកាបូន ត្រូវបានគេរំពឹងថានឹងជំរុញកំណើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ ហានិភ័យសំខាន់ៗនៅតែមានសម្រាប់ប្រទេសទាំងនេះ រួមទាំងផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ក៏ដូចជាការភ័យខ្លាចនៃការបន្តសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ និងផលវិបាកទៅលើប្រទេសទាំងនេះ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ពួកគេនៅជិតប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការកត់សម្គាល់។
ទន្ទឹមនឹងនេះ របាយការណ៍នេះបាននិយាយថា ប្រទេសដែលមានចំណូលមធ្យមនៅក្នុងតំបន់នៅតែប្រឈមមុខនឹង «បញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម» ដ៏សំខាន់ ដូចជា «ការឈ្លានពាន»ជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
លើសពីនេះ ប្រទេសដែលមានចំណូលទាបកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម «ដែលកាន់តែធ្ងន់ធ្ងរឡើងដោយលំហសារពើពន្ធមានកម្រិត ការធ្លាក់ចុះនៃជំនួយ ជម្លោះ និងការបែកបាក់នយោបាយ» រួមទាំងសង្គ្រាមនៅស៊ូដង់ផងដែរ។
អង្គការ ESCWA បានជំរុញឱ្យរដ្ឋាភិបាលធ្វើពិពិធកម្មឱ្យកាន់តែស៊ីជម្រៅ ពង្រឹងហិរញ្ញវត្ថុសាធារណៈ វិនិយោគលើដើមទុនមនុស្ស និងការផ្លាស់ប្តូរឌីជីថល និងតម្រឹមជំនួយ និងការវិនិយោគជាមួយនឹងអាទិភាពជាតិជាពិសេសនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





