អាស៊ាន និងទីភ្នាក់ងារ IAEA ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- ឯកអគ្គរដ្ឋទូតអាស៊ាន និងលោករ៉ាហ្វាអ៊ែល ហ្រ្គោសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានជួបប្រជុំគ្នាកាលពីពេលថ្មីៗនេះនៅទីក្រុងវីយែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីសុវត្ថិភាព សន្តិសុខនុយក្លេអ៊ែរ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ហ្រ្គោសស៊ីបានកោតសរសើរចំពោះភាពជាដៃគូដែលកំពុងពង្រីកជាមួយតំបន់អាស៊ានដ៏ស្វាហាប់ ដោយលោកបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារIAEA ក្នុងការគាំទ្រអាទិភាពជាតិតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងគំនិតផ្តួចផ្តើមសំខាន់ៗ។ កិច្ចពិភាក្សានោះបានបង្ហាញពីចំណាប់អារម្មណ៍ទៅវិញទៅមកក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដើម្បីជំរុញវឌ្ឍនភាពក្នុងតំបន់។
ចំណុចសំខាន់នៃកិច្ចប្រជុំនេះ គឺចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងចំណោមប្រទេសអាស៊ានក្នុងការរួមបញ្ចូលថាមពលនុយក្លេអ៊ែរទៅក្នុងល្បាយថាមពលជាតិរបស់ពួកគេ។ លោក ហ្រ្គោសស៊ី បានផ្តល់ជំនួយដល់ទីភ្នាក់ងារ IAEA ក្នុងការបណ្តុះបណ្តាល ការវាយតម្លៃបច្ចេកទេស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានណែនាំវិធីសាស្រ្តក្នុងតំបន់ចំពោះបច្ចេកវិទ្យារ៉េអាក់ទ័រម៉ូឌុលតូច (SMR) ដែលរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងសហការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការចែករំលែកបទពិសោធន៍ដើម្បីជួយប្លុកនេះបំពេញតម្រូវការថាមពលចម្រុះរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
តំណាងអាស៊ានបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសុវត្ថិភាពនុយក្លេអ៊ែរ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដោយឯកអគ្គរដ្ឋទូតវៀតណាម លោក វូ ឡេ ថៃ ហ័ង (Vu Le Thai Hoang) បានគូសបញ្ជាក់ថា សន្ធិសញ្ញានេះជាមូលដ្ឋានគ្រឹះនៃការរំសាយអាវុធសកលលោក។ ក្រៅពីថាមពល ក្រុមនេះបានសង្កត់ធ្ងន់ទៅលើការប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរសម្រាប់ការថែទាំសុខភាព កសិកម្មនិងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំនេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តក្នុងការរក្សាកិច្ចសន្ទនា ស្តីពីបញ្ហាសន្តិសុខអន្តរជាតិដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធានាស្ថិរភាពក្នុងតំបន់ និងពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





