សិង្ហបុរីបង្កើនវិធានការទប់ស្កាត់ជំងឺកញ្ជ្រឹល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីជំងឺកញ្ជ្រឹលថ្មីមួយ ដែលជាករណីដំបូងដែលពាក់ព័ន្ធនឹងកុមារដែលចូលរៀនថ្នាក់មត្តេយ្យសិក្សាចាប់តាំងពីទីភ្នាក់ងារជំងឺឆ្លង (CDA) បានបង្កើនវិធានការបង្ការដើម្បីទប់ស្កាត់ជំងឺនេះបានកាន់តែប្រសើរឡើង។
ទីភ្នាក់ងារ CDA បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងនៅថ្ងៃទី១៧ខែកុម្ភៈ អំពីករណីដែលពាក់ព័ន្ធនឹងទារកស្រីអាយុ ១១ខែម្នាក់ដែលចូលរៀនថ្នាក់មត្តេយ្យសិក្សា។ ទារកម្នាក់នេះមិនទាន់ដល់ពេលចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) នៅឡើយទេ។ នេះជាករណីជំងឺកញ្ជ្រឹលទីប្រាំដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំនេះ ក្នុងចំណោមទារកអាយុក្រោម ១២ខែ។
ទីភ្នាក់ងារនេះបាននិយាយថា ទារកនេះមិនមានប្រវត្តិធ្វើដំណើរឬប្រវត្តិទំនាក់ទំនងថ្មីៗទេ ហើយនាងជាសះស្បើយយ៉ាងល្អ។ នាងបានចូលរៀនក្នុងអំឡុងពេលឆ្លងមេរោគ ដែលជំរុញឱ្យសាលាមត្តេយ្យជូនដំណឹងដល់ឪពុកម្តាយរបស់ទារកនេះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណីនេះ។ ការស៊ើបអង្កេតរោគរាតត្បាតកំពុងបន្ត។
ក្នុងចំណោមអ្នកប៉ះពាល់ជិតស្និទ្ធដែលបានកំណត់អត្តសញ្ញាណភាគច្រើនបានចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលរួចហើយ ឬកំពុងស្ថិតក្នុងដំណើរការចាក់វ៉ាក់សាំង។ ក្នុងចំណោមនោះ មួយចំនួនតូចត្រូវបានចេញបញ្ជាឱ្យធ្វើចត្តាឡីស័កដំបូង ដែលត្រូវបានលុបចោលបន្ទាប់ពីការចាក់វ៉ាក់សាំង ឬវិធានការបង្ការក្រោយការប៉ះពាល់ត្រូវបានបញ្ចប់។ អ្នកប៉ះពាល់ជិតស្និទ្ធត្រូវបានណែនាំឱ្យតាមដានសុខភាពរបស់ពួកគេ និងស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រប្រសិនបើរោគសញ្ញាកើតឡើង។
ទីភ្នាក់ងារអភិវឌ្ឍន៍កុមារតូច (ECDA) បាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ CDA និងប្រតិបត្តិករសាលាមត្តេយ្យ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ និងបុគ្គលិក ហើយបានរំលឹកប្រតិបត្តិករឱ្យគោរពយ៉ាងតឹងរ៉ឹងតាមតម្រូវការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





