គិរីវង់ ឈ្នះ ព្រះខ័នរាជ ខណៈអាយអេសអាយ ស្មើ ភ្នំពេញក្រោន វគ្គ១/៤ផ្តាច់ព្រ័ត្រ ជើងទី១ ពានសម្តេចតេជោ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦--ក្រុមគិរីវង់សុខសែនជ័យបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ខណៈក្រុមអាយអេសអាយដង្កោសែនជ័យរក្សាបានលទ្ធផលស្មើគ្នាជាមួយក្រុមការពារម្ចាស់ជើឯកឯកឆ្នាំចាស់ ភ្នំពេញក្រោន ២-២ នៅក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ ជើងទី១ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។

យ៉ាងណាលទ្ធផលនេះនៅមិនទាន់សម្រេចនៅឡើយទេ ដោយ២ប្រកួតនេះនឹងត្រូវផ្លាស់ប្តូរទឹកដីគ្នាម្តងទៀត ដែលត្រូវប្រកួតកាត់សេចក្តីនៅជើងទី២ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៦ខាងមុខថាតើ២ក្រុមណានឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយឡែក២ប្រកួតផ្សេងទៀត នៅវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រដូចគ្នានេះដែរ គឺក្រុមទ័ព ត្រូវប៉ះជាមួយក្រុមបឹងកេត ខណៈណាហ្គាវើលដ៍ ប៉ះ វិសាខា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ សម្រាប់ជើងទី១ ហើយការប្រកួតនៅជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមឈ្នះៗឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី២២ ខែមេសា សម្រាប់ជើងទី១ ហើយជើងទី២ប្រកួតនៅថ្ងៃទី២៩ ខែមេសា ដើម្បីស្វែងរក២ក្រុមឈ្នះឡើងទៅប្រជែងម្ចាស់ដំណែងជើងឯក រីឯ២ក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ជាមួយនឹងពិធីប្រគល់ពានបិទកម្មវិធីរដូវកាលនេះតែម្តង។ នេះបើយោងតាមកម្មវិធីប្រកួតរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





