ឥណ្ឌូណេស៊ីកំណត់គោលដៅចូលទីផ្សារកាបូនអន្តរជាតិនៅត្រឹមឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីកំពុងបង្កើនយុទ្ធសាស្ត្រសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពរបស់ខ្លួន ដោយក្រសួងកិច្ចការសមុទ្រ និងនេសាទ (KKP) របស់ប្រទេសឥណ្ឌូណេស៊ី មានគោលបំណងនាំយកគម្រោងកាបូនពណ៌ខៀវឆ្នេរសមុទ្រដំបូងរបស់ខ្លួនចូលទៅកាន់ទីផ្សារកាបូនអន្តរជាតិនៅត្រឹមឆ្នាំ២០២៧។
យោងតាមក្រសួង KKP បានឱ្យដឹងថា យ៉ាងហោចណាស់គម្រោងកាបូនពណ៌ខៀវសាកល្បងចំនួនពីរត្រូវបានគេរំពឹងថានឹងរួចរាល់សម្រាប់ការជួញដូរអន្តរជាតិក្នុងរយៈពេលបីឆ្នាំខាងមុខ។ លោក អាម៉ាដ អារីស (Ahmad Aris) នាយកផ្នែកឆ្នេរសមុទ្រ និងកោះតូចៗនៃក្រសួងនេះ បាននិយាយថាពេលវេលាកំណត់ គឺចាំបាច់ដើម្បីបំពេញតាមតម្រូវការទីផ្សារកាបូនយ៉ាងតឹងរ៉ឹង រួមទាំងការរៀបចំគម្រោង ការបញ្ជាក់ និងការផ្ទៀងផ្ទាត់។
កាបូនពណ៌ខៀវសំដៅទៅលើកាបូនឌីអុកស៊ីតដែលចាប់យក និងរក្សាទុកដោយប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ ដូចជាព្រៃកោងកាង និងស្មៅសមុទ្រ ដែលបម្រើជាអាងស្តុកកាបូនធម្មជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ប្រទេសឥណ្ឌូណេស៊ីកាន់កាប់ប្រហែល ១៧% នៃទុនបម្រុងកាបូនពណ៌ខៀវរបស់ពិភពលោក ដែលជាគុណសម្បត្តិដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចផ្អែកលើសមុទ្ររបស់ខ្លួន ដែលមានតម្លៃប្រមាណ ១,៣ទ្រីលានដុល្លារអាម៉េរិក។ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍគម្រោងនៅក្នុងប្រព័ន្ធអេកូឡូស៊ីស្មៅសមុទ្រ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងការរួមចំណែកកំណត់ជាតិលើកទីពីររបស់ប្រទេស (NDC) ស្តីពីការកាត់បន្ថយការបំភាយឧស្ម័នទេ។
ទិន្នន័យជាតិ បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីមានស្មៅសមុទ្រប្រហែល ៦៦០.០០០ហិកតា ហើយអាជ្ញាធរកំពុងបន្តគណនាសក្តានុពលនៃការកាត់បន្ថយការបំភាយឧស្ម័នរបស់ពួកគេ។
មន្ត្រីបានសង្កត់ធ្ងន់ថា គោលបំណងនេះលើសពីការបង្កើតចំណូលពីការជួញដូរកាបូន។ ការការពារមុខងារអេកូឡូស៊ីនៃតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានចាត់ទុកថាជារបាំងធម្មជាតិប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅតែជាអាទិភាពស្នូល។
ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៧ រដ្ឋាភិបាលកំពុងសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីបញ្ចប់ការអនុវត្តបទប្បញ្ញត្តិក្រោមបទប្បញ្ញត្តិប្រធានាធិបតីលេខ ១១០/២០២៥ ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦។ បទប្បញ្ញត្តិទាំងនេះនឹងបង្កើតយន្តការសម្រាប់ការកំណត់តម្លៃកាបូន ការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ និងប្រតិបត្តិការទីផ្សារកាបូនជាតិ។
ប្រទេសឥណ្ឌូណេស៊ីក៏បានកំណត់ទីតាំងអាទិភាពចំនួន១៨ ក្រោមផែនការកំណត់តំបន់បម្រុងកាបូនខៀវរបស់ខ្លួន ដែលគ្របដណ្តប់ទាំងតំបន់យុទ្ធសាស្ត្រជាតិ និងខេត្តផងដែរ។ ទីតាំងគួរឱ្យកត់សម្គាល់ទាំងនោះរួមមាន កោះដេរ៉ាវ៉ាន់ កោះតានីមបា កោះស៊ូពីអូរី ដែនទឹកលីងហ្កា ឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា ក៏ដូចជាតំបន់នៅខេត្តកាលីម៉ាន់តាន់ និងខេត្តកោះស៊ូឡាវេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





