មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក (USFK) សុំទោសកូរ៉េខាងត្បូង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាតាមអាកាសជាមួយចិន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រភពព័ត៌មានបាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការនៃកងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េ(USFK) បានធ្វើការសុំទោសទៅកាន់ទីក្រុងសេអ៊ូល បន្ទាប់ពីសមយុទ្ធរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកលើសមុទ្រលឿងបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏កម្រជាមួយយន្តហោះចម្បាំងចិន។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា លោកឧត្តមសេនីយ៍ សាវយឺ ប្រុនសុន (Xavier Brunson) បានធ្វើការសុំទោសទៅកាន់អាជ្ញាធរយោធាកូរ៉េខាងត្បូងអំពីស្ថានភាពជុំវិញសមយុទ្ធរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកដែលធ្វើឡើងចាប់ពីថ្ងៃពុធសប្តាហ៍មុនដល់ថ្ងៃព្រហស្បតិ៍។
ការសុំទោសរបស់លោកបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អានយូប៊ែក (Ahn Gyu-back) បានធ្វើការត្អូញត្អែរនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ប្រុនសុន កាលពីសប្តាហ៍មុន អំពីការខកខានមិនបានចែករំលែកព័ត៌មានលម្អិតនៃសមយុទ្ធជាមួយអាជ្ញាធរកូរ៉េខាងត្បូងជាមុន។
កាលពីថ្ងៃពុធ យន្តហោះចម្បាំងសហរដ្ឋអាមេរិក និងចិនបានចូលរួមក្នុងការប្រយុទ្ធគ្នាដ៏កម្រមួយលើសមុទ្រលឿងក្នុងអំឡុងពេលប្រតិបត្តិការហ្វឹកហ្វឺនរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង USFK F-16 ប្រហែល ១០គ្រឿង។
យន្តហោះចម្បាំង F-16 ត្រូវបានគេរាយការណ៍ថាបានហោះទៅកាន់តំបន់មួយរវាងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរៀងៗខ្លួនរបស់ប្រទេសកូរ៉េខាងត្បូង និងចិន ដែលជំរុញឱ្យយោធាចិនបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានជម្លោះណាមួយកើតឡើងទេ។
ហេតុការណ៍នេះបាននាំឱ្យយោធាសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធនៅថ្ងៃព្រហស្បតិ៍ មុនការគ្រោងទុកនៅថ្ងៃសៅរ៍៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





