មន្ត្រីអាហ្វហ្គានីស្ថានបញ្ជាក់ពីការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក សេឌីគុលឡាហ៍ នូសរ៉ាត់ (Sediqullah Nusrat) អ្នកនាំពាក្យរងនៃក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានបញ្ជាក់ប្រាប់សារព័ត៌មាន Xinhua ថា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងកងទ័ពប៉ាគីស្ថាននៅក្នុងខេត្តណានហ្គាហារ កាលពីថ្ងៃអង្គារ។
យោងតាមលោក នូសរ៉ាត់ បានឱ្យដឹងថា ការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងនៅពេលដែលកងកម្លាំងប៉ាគីស្ថានបានបើកការបាញ់ប្រហារលើមន្ដ្រីអាហ្វហ្គានីស្ថាន ដែលកំពុងធ្វើការល្បាតជាប្រចាំនៅក្នុងតំបន់នោះដោយលោកបានបន្ថែមថា ស្ថានភាពបានវិលមករកភាពធម្មតាវិញ ហើយភាពស្ងប់ស្ងាត់ត្រូវបានស្តារឡើងវិញទាំងស្រុង។
លោក ហ្សាប៊ីហុលឡាហ៍ នូរ៉ានី (Zabihullah Noorani) ប្រធានផ្នែកព័ត៌មាន និងវប្បធម៌សម្រាប់ខេត្តណានហ្គាហារ ក៏បានបញ្ជាក់ផងដែរថាកងកម្លាំងប៉ាគីស្ថានបានបើកការបាញ់ប្រហារលើកងកម្លាំងអាហ្វហ្គានីស្ថាន ហើយត្រូវបានឆ្លើយតបដោយកងកម្លាំងព្រំដែនអាហ្វហ្គានីស្ថាន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍កាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីរសៀលថ្ងៃអង្គាររវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅតំបន់ព្រំដែន។
មុននេះ លោក ហ្សាប៊ីហុលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid)អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយប្រទេសប៉ាគីស្ថាននៅថ្ងៃអាទិត្យ។
ភាគីអាហ្វហ្គានីស្ថានបាននិយាយថា យោធាប៉ាគីស្ថានកាលពីថ្ងៃអាទិត្យបានធ្វើការវាយប្រហារតាមអាកាសនៅតំបន់ព្រំដែនទ្វេភាគីដោយបានសម្លាប់មនុស្ស ១៨នាក់ និងរបួស ៥នាក់ផ្សេងទៀត។
ប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយប្រហារដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ លើជំរំ និងកន្លែងលាក់ខ្លួនចំនួន ៧ទីតាំងរបស់ពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់និងបានសម្លាប់ភេរវករជាង ៨០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





