ប្រធានាធិបតីអេហ្ស៊ីប និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ពិភាក្សាគ្នាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel Fattah al-Sisi) និងព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាមេដ ប៊ីន សាល់មេន អាល់ស៊ូដ (Mohammed bin Salman Al Saud) បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ អំពីការវិវត្តនៅតំបន់ហ្គាហ្សា និងបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងចេដាហ៍ ប្រទេសអារ៉ាប៊ីសាអូឌីតពួកគេបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីបញ្ឈប់សង្គ្រាម និងអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា។
ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាដោយគ្មានឧបសគ្គ និងតម្រូវការក្នុងការពន្លឿនដំណើរការស្តារឡើងវិញ និងកសាងឡើងវិញដំបូង។
លើសពីនេះ ពួកគេបានបដិសេធការប៉ុនប៉ងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយសង្កត់ធ្ងន់ថាដំណោះស្រាយស្ថិតនៅក្នុងការចាប់ផ្តើមដំណើរការនយោបាយដ៏ទូលំទូលាយមួយដែលនាំទៅដល់ការអនុវត្តដំណោះស្រាយរដ្ឋពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងការកើនឡើង និងភាពតានតឹងនៅក្នុងតំបន់ ការគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិតាមរយៈការសន្ទនា និងការពង្រឹងសាមគ្គីភាពអារ៉ាប់ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





