ឧទ្ធម្ភាគចក្រយោធាធ្លាក់នៅកណ្តាលប្រទេសអ៊ីរ៉ង់បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានឱ្យដឹងថា មនុស្ស៤នាក់បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រកងទ័ពអ៊ីរ៉ង់មួយគ្រឿងបានធ្លាក់កាលពីព្រឹកថ្ងៃអង្គារចូលទៅក្នុងផ្សារផ្លែឈើ និងបន្លែមួយកន្លែងក្នុងខេត្តអ៊ីសហ្វាហាន់ ភាគកណ្តាល។
របាយការណ៍នេះបាននិយាយថា អ្នកបើកយន្តហោះ ជំនួយការបើកយន្តហោះ និងអ្នកលក់ ២នាក់បានស្លាប់ នៅពេលដែលយន្តហោះបានបុកតូបលក់ដូរក្នុងផ្សារមួយនៅម៉ោង ៩:០៩ ព្រឹក (ម៉ោងក្នុងស្រុក)។
រថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Fars ដែលបានដកស្រង់សម្តីរបស់លោក អាលី ណាស៊ីរី (Ali Nasiri) ប្រធានអង្គការសេវាសង្គ្រោះបន្ទាន់ខេត្ត។
លោក មេនសួរ ស៊ីសេហ៍ហ្វូរូស (Mansour Shishehforoush)អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងវិបត្តិរបស់ខេត្តអ៊ីសហ្វាហាន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា ការបរាជ័យផ្នែកបច្ចេកទេសបានបណ្តាលឱ្យមានហេតុការណ៍នេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





