អគ្គីភ័យឆាបឆេះអគារលំនៅដ្ឋាន Eunma ក្នុងទីក្រុងសេអ៊ូល បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស ៣នាក់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា មនុស្សម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានគ្រោះអគ្គីភ័យបានឆាបឆេះអគារលំនៅដ្ឋានមួយកន្លែងនៅភាគខាងត្បូងទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះ។
យោងតាមការិយាល័យ និងអាជ្ញាធរពន្លត់អគ្គីភ័យបានឱ្យដឹងថាអគ្គីភ័យបានចាប់ផ្តើមនៅវេលាម៉ោង ០៦:១៨នាទីព្រឹកនៅអគារលំនៅដ្ឋានEunma ក្នុងសង្កាត់ដេជី-ដុង ខណ្ឌកាំងណាម ដោយបានសម្លាប់ក្មេងស្រីជំទង់ម្នាក់ និងមនុស្សពីរនាក់ផ្សេងទៀតរងរបួសមុខនៅក្នុងអគារតែមួយ។
អ្នកជិតខាងម្នាក់នៅជាន់លើបានត្អូញត្អែរអំពីការពិបាកដកដង្ហើមដោយសារតែការស្រូបផ្សែង ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករងរបួសទាំងបីនាក់ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ។ អ្នកស្រុកប្រហែល ៧០នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ។
អគ្គីភ័យនេះត្រូវបានពន្លត់ក្នុងរយៈពេលប្រហែល ៣០នាទីក្រោយមកហើយបានពន្លត់ទាំងស្រុងនៅវេលាម៉ោង ០៧:៣៦នាទីព្រឹក។
មន្រ្តីប៉ូលិស និងក្រុមពន្លត់អគ្គីភ័យមានគម្រោងស៊ើបអង្កេតមូលហេតុនៃអគ្គីភ័យនេះ និងកំណត់អំពីទំហំនៃការខូចខាត។
អគារលំនៅដ្ឋាន Eunma ជាចំណុចកណ្តាលនៃការជជែកពិភាក្សាអំពីគោលនយោបាយអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បុង ដោយសារតែទំហំ និងទីតាំងដ៏ធំរបស់វានៅក្នុងខណ្ឌកាំងណាម។
អគារលំនៅដ្ឋាននេះត្រូវបានសាងសង់ក្នុងឆ្នាំ១៩៧៩ ហើយមិនទទួលបានការអនុម័តសាងសង់ឡើងវិញអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារតែបញ្ហាសុវត្ថិភាព និងជម្លោះនៅក្នុងសមាគម ប៉ុន្តែផែនការមួយត្រូវបានបញ្ចប់កាលពីឆ្នាំមុន ដើម្បីសាងសង់អគារលំនៅដ្ឋានថ្មីដែលមានបន្ទប់ស្នាក់នៅចំនួន ៥.៨៩៣បន្ទប់ នៅក្នុងអគារ ៤៩ជាន់មួយនៅត្រឹមឆ្នាំ២០៣០៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





