រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់ថវិកាចំនួន ៣២០ប៊ីលានវ៉ុនសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាសាងសង់នាវាទំនើប
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងផ្តល់ថវិកាចំនួន៣២០ប៊ីលានវ៉ុន (២២១,៤លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់គម្រោងដែលមានគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាសាងសង់នាវាទំនើបៗ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧស្សាហកម្មសាងសង់នាវារបស់ប្រទេសកូរ៉េខាងត្បុងក្នុងការរក្សាភាពជាអ្នកនាំមុខគេនៅក្នុងពិភពលោករបស់ខ្លួន។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន បានឱ្យដឹងថាថវិកាឆ្នាំនេះ គឺជាការកើនឡើង ២៣% ពីឆ្នាំ២០២៥។
ក្រសួងបាននិយាយថា ខ្លួននឹងផ្តោតសំខាន់ទៅលើការគាំទ្រដល់គម្រោងសម្រាប់ការអភិវឌ្ឍនាវាដែលមិនប៉ះពាល់ដល់បរិស្ថាន និងកន្លែងសាងសង់នាវាដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) និងពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនសាងសង់នាវាខ្នាតតូច និងមធ្យម។
គម្រោងនានាដែលស្ថិតនៅក្រោមការគាំទ្រពីរដ្ឋនេះ នឹងរួមបញ្ចូលនូវគម្រោងដែលមានគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាជំរុញឥន្ធនៈគ្មានកាបូនដូចជាទួរប៊ីនអាម៉ូញាក់ និងម៉ាស៊ីនអ៊ីដ្រូសែន ប្រព័ន្ធចាប់យក និងរក្សាទុកកាបូនឌីអុកស៊ីត កន្លែងផលិតនាវាឆ្លាតវៃដែលដំណើរការដោយ AI និងបច្ចេកវិទ្យា និងឧបករណ៍សម្រាប់សាងសង់នាវាបំបែកទឹកកក ក៏ដូចជាប្រព័ន្ធជំរុញអគ្គិសនីសម្រាប់នាវាគាំទ្រខ្យល់នៅឯនាយសមុទ្រ។
មន្ត្រីក្រសួងម្នាក់បាននិយាយថា «បើទោះបីជាឧស្សាហកម្មសាងសង់នាវារបស់ប្រទេសកូរ៉េខាងត្បូងសម្រេចបានសមិទ្ធផលសំខាន់ៗនាពេលថ្មីៗនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែត្រូវដោះស្រាយ រួមទាំងបញ្ហារចនាសម្ព័ន្ធកម្លាំងពលកម្ម ការប្រមូលផ្តុំការបញ្ជាទិញនៅក្នុងប្រភេទនាវាមួយចំនួន និងការប្រកួតប្រជែងខ្សោយរបស់អ្នកសាងសង់នាវាខ្នាតតូច និងមធ្យម»។
ការនាំចេញនាវារបស់ប្រទេសកូរ៉េខាត្បុងបានឈានដល់កម្រិតខ្ពស់បំផុត គឺ ៣១,៨ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥ ដោយក្រុមហ៊ុនផលិតនាវាកូរ៉េខាងត្បុង ដែលមានចំនួនសរុប ២០,២% នៃការបញ្ជាទិញនៅទូទាំងពិភពលោក ដែលជាការកើនឡើង ៦,២% ពីមួយឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





