អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃអង្គារនេះ បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតរបស់លោក ពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីនៅលក្នុងឆ្នាំ២០២៤។
ការដាក់ពាក្យបណ្តឹងនេះបានធ្វើឡើងក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល បានកាត់ទោសអតីតមេដឹកនាំរូបនេះពីបទដឹកនាំការបះបោរទាក់ទងនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមមេធាវីរបស់លោក យូន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងជឿជាក់ថា យើងមានកាតព្វកិច្ចក្នុងការកត់ត្រាទុកយ៉ាងច្បាស់នូវចំណុចខ្វះខាតនៅក្នុងសាលក្រមនេះ មិនត្រឹមតែនៅចំពោះមុខតុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅចំពោះមុខប្រវត្តិសាស្ត្រផងដែរ។ ក្រោមការទទួលខុសត្រូវនោះ យើងនឹងកំណត់កំហុសក្នុងការស្វែងរកការពិត និងការអនុវត្តច្បាប់មិនត្រឹមត្រូវនៅក្នុងសេចក្តីសម្រេចដំបូង»។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា «យើងនឹងមិននៅស្ងៀមទេទាក់ទងនឹងការចោទប្រកាន់ហួសហេតុរបស់ទីប្រឹក្សាពិសេសដែលហេតុផលផ្ទុយគ្នានៃការកាត់ក្តីលើកដំបូងដែលបានធ្វើឡើងក្រោមកាលៈទេសៈទាំងនោះ និងផលប៉ះពាល់នយោបាយរបស់វា»។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តុលាការបានសន្និដ្ឋានថា សកម្មភាពរបស់លោកយូន បានបំពេញតាមនិយមន័យផ្លូវច្បាប់នៃការបះបោរ ហើយថាការប្រកាសច្បាប់អាជ្ញាសឹកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា។
នៅពីរថ្ងៃបន្ទាប់ពីចេញសាលក្រម លោក យូន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រុមមេធាវីរបស់លោកថា វាពិបាកណាស់ក្នុងការទទួលយកដោយតក្កវិជ្ជាដែលថា កងទ័ពដែលទៅកាន់រដ្ឋសភា គឺស្មើនឹងការបះបោរ។
លោក យូន ក៏បាននិយាយផងដែរថា សេចក្តីសម្រេចរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹកនាពេលនោះ គឺសម្រាប់តែប្រទេស និងប្រជាជនប៉ុណ្ណោះ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈដែលវាជាសេចក្តីសម្រេចដើម្បីជួយសង្គ្រោះប្រទេសជាតិ ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះប្រជាជន ដែលធ្វើឱ្យអ្នកជួបប្រទះនឹងភាពអស់សង្ឃឹម និងទុក្ខវេទនាជាច្រើនដោយសារតែចំណុចខ្វះខាតរបស់ខ្ញុំ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





