ចិនជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធឯកតោភាគីបន្ទាប់ពីការសម្រេចរបស់តុលាការកំពូល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសចិន កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលវិធានការពន្ធឯកតោភាគី ដែលដាក់ទៅលើដៃគូពាណិជ្ជកម្មរបស់ខ្លួនបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ដែលបានលុបចោលពន្ធច្រើនដែលដាក់ចេញដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ទីក្រុងប៉េកាំងតែងតែប្រឆាំងនឹងការដំឡើងពន្ធជាឯកតោភាគី ហើយអះអាងថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ នេះបើយោងតាមសារព័ត៌មាន Global Times។
អ្នកនាំពាក្យរូបនេះបាននិយាយថា «វិធានការឯកតោភាគីដែលធ្វើឡើងដោយសហរដ្ឋអាមេរិក រួមទាំងពន្ធគយទៅវិញទៅមក មិនត្រឹមតែរំលោភទៅលើច្បាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរំលោភលើច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិកផងដែរ ហើយពួកគេមិនបម្រើផលប្រយោជន៍របស់ភាគីណាមួយឡើយ»។
ក្រសួងបានបន្ថែមថា បទពិសោធន៍កន្លងមកបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិកដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ខណៈដែលការប្រឈមមុខដាក់គ្នាធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបាននិយាយថា «យើងក៏បានកត់សម្គាល់ផងដែរថាសហរដ្ឋអាមេរិកកំពុងរៀបចំអនុម័តវិធានការជំនួស ដូចជាការស៊ើបអង្កេតពាណិជ្ជកម្ម ក្នុងការប៉ុនប៉ងរក្សាពន្ធលើដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ប្រទេសចិននឹងតាមដានការវិវត្តទាំងនេះយ៉ាងដិតដល់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងរឹងមាំ»។
តុលាការកំពូលសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានសម្រេចថា ពន្ធគយទៅវិញទៅមក និងពន្ធពាក់ព័ន្ធផ្សេងទៀត ដែលដាក់ចេញក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ គឺខុសច្បាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





