អធិការបតីអាល្លឺម៉ង់នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក ហ្រ្វីរីច មើស (Friedrich Merz) នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការប្រកាសរបស់ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក មើស នឹងទៅបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃពុធស្អែកនេះ តាមតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លីឈៀង (Li Qiang)។
លោកនឹងក្លាយជាមេដឹកនាំកំពូលលោកខាងលិចទីបី ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅក្នុងឆ្នាំនេះ។
កាលពីខែមករា នាយករដ្ឋមន្ត្រីកាណាដា និងអង់គ្លេស បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលដំណើរទស្សនកិច្ចទាំងនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោក មើស បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច កាលពីដើមខែនេះ។
លោកក៏បាននិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) តាមទូរស័ព្ទផងដែរ កាលពីខែឧសភាកន្លងទៅ។
ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧២ ហើយទំនាក់ទំនងនេះត្រូវបានធ្វើឱ្យប្រសើរឡើងនៅក្នុងឆ្នាំ២០១៤ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នៅក្នុងឆ្នាំ២០២៤ ប្រទេសចិនជាដៃគូពាណិជ្ជកម្មសកលលោកធំជាងគេលំដាប់ទីពីររបស់ប្រទេសអាល្លឺម៉ង់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ២០១,៨៨ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រសួងការបរទេសចិនបានចេញផ្សាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





