លោក លី និងលោក លូឡា ប្រធានាធិបតីប្រេស៊ីល យល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃចន្ទ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច អវកាស ឧស្សាហកម្មការពារជាតិ រ៉ែសំខាន់ៗ និងវិស័យផ្សេងៗទៀត។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល លោក លី បាននិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងបានអនុម័តផែនការសកម្មភាពរយៈពេលបួនឆ្នាំ ដើម្បីជំរុញនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូរប្រជាជន។
លោក លី បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយថា «លោក និងលោក លូឡា បានចែករំលែកការឯកភាពគ្នាថា ប្រទេសទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
លោក លី បាននិយាយថា លោកបានពន្យល់ពីតម្រូវការក្នុងការបន្តការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងត្បូង និងទីផ្សាររួមភាគខាងត្បូង (Mercosur) ដែលរួមមានប្រទេសអាហ្សង់ទីនប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និងបូលីវី ហើយលោក លូឡា បានចែករំលែកការឯកភាពគ្នាថា កតិកាសញ្ញាពាណិជ្ជកម្មនេះគឺជា «កិច្ចការបន្ទាន់»។
ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមការចរចាពាណិជ្ជកម្មសេរីជាមួយប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូងក្នុងឆ្នាំ២០១៨ ប៉ុន្តែមានវឌ្ឍនភាពតិចតួចលើបញ្ហាបើកទីផ្សារសំខាន់ៗ។
ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១០ច្បាប់ដែលគ្របដណ្តប់លើពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ការថែទាំសុខភាព សហគ្រាសធុនតូច និងមធ្យម ស្បៀងអាហារនិងសន្តិសុខ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក លូឡា បានគូសបញ្ជាក់ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសប្រេស៊ីល និងបានសម្តែងក្តីសង្ឃឹមក្នុងការទាក់ទាញការវិនិយោគរបស់កូរ៉េលើរ៉ែសំខាន់ៗ និងពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងវិស័យអេឡិចត្រូនិក អវកាស និងឧស្សាហកម្មការពារជាតិ។
ប្រធានាធិបតីប្រេស៊ីលក៏បាននិយាយផងដែរថា ប្រទេសទាំងពីរត្រូវពិភាក្សាអំពីឧស្សាហកម្មបៃតង និងការផ្លាស់ប្តូរថាមពល ដោយអំពាវនាវឱ្យមានការចូលរួមរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងមូលនិធិសកលមួយ ដើម្បីអភិរក្សព្រៃត្រូពិចដែលប្រទេសប្រេស៊ីលបានបង្កើតឡើងកាលពីឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





