ការវាយប្រហារនៅប៉ាគីស្ថានបានសម្លាប់ភេរវករជាង ៨០នាក់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Xinhua កាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់ប្រទេសប៉ាគីស្ថានលើតំបន់តាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន បានសម្លាប់ភេរវករជាង ៨០នាក់។
យោងតាមក្រសួងព័ត៌មាន និងផ្សព្វផ្សាយកាលពីព្រឹកថ្ងៃអាទិត្យបានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបានធ្វើការវាយប្រហារដោយផ្អែកលើការស៊ើបការណ៍សម្ងាត់លើជំរំសកម្មប្រយុទ្ធចំនួន ៧ទីតាំង និងកន្លែងលាក់ខ្លួននៅតំបន់ព្រំដែនបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់។
លោក ហ្សាប៊ីហុលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid)អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅលើបណ្ដាញសង្គមអ៊ិច កាលពីថ្ងៃអាទិត្យថា យោធាប៉ាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសម្តងទៀតនៅលើតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដែលខ្លួនហៅថាជាការរំលោភបំពានយ៉ាងច្បាស់លាស់ និងជាទង្វើឧក្រិដ្ឋប្រឆាំងនឹងទឹកដីអាហ្វហ្គានីស្ថាន ដោយសេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសប៉ាគីស្ថានបានវាយប្រហារលើគោលដៅជនស៊ីវិល និងទីតាំងសាសនាអាហ្វហ្គានីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





