វិមានក្រឹមឡាំង៖ រុស្ស៊ីមិនបានគំរាមកំហែងដល់ប្រទេសអេស្តូនីទេ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃអាទិត្យថាប្រទេសរុស្ស៊ីមិនបានគំរាមកំហែងដល់ប្រទេសអេស្តូនី ឬប្រទេសដទៃទៀតនៅអឺរ៉ុបនោះទេ ប៉ុន្តែខ្លួននឹងតែងតែចាត់វិធានការចាំបាច់ដើម្បីធានាសន្តិសុខជាតិរបស់ខ្លួន។
លោក ប៉េសកូវ បាននិយាយថា «ប្រទេសអេស្តូនីគឺនៅជិតយើងខ្លាំងណាស់ ហើយយើងមិនបានគំរាមកំហែងដល់ប្រទេសអេស្តូនីដូចប្រទេសដទៃទៀតនៅអឺរ៉ុបទេ»។ «ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីអេស្តូនីដែលមានបំណងមករកយើង អាវុធនុយក្លេអ៊ែររបស់យើងនឹងត្រូវតម្រង់ទៅទឹកដីអេស្តូនី»។
លោក ប៉េសកូវ បានកត់សម្គាល់បន្ថែមទៀតថា ប្រទេសរុស្ស៊ី «នឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើជានិច្ចដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ជាពិសេសនៅពេលលើកឡើងអំពីបញ្ហាទប់ស្កាត់នុយក្លេអ៊ែរ»។
ការកត់សម្គាល់របស់លោក ប៉េសកូវ បានកើតឡើងបន្ទាប់ពីមតិយោបល់ថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គូស សាកណា (Margus Tsahkna) ដែលបាននិយាយថា ប្រទេសអេស្តូនីមិនច្រានចោលការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួននោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





