លោក ស៊ី អបអរសាទរលោក គីម ដែលជាប់ឆ្នោតជាអគ្គលេខាធិការបក្សពលករកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន(CPC) កាលពីថ្ងៃចន្ទ បានអបអរសាទរលោក គីម ជុងអ៊ុន (Kim Jong Un) ចំពោះការបោះឆ្នោតជ្រើសរើសលោកជាអគ្គលេខាធិការនៃគណបក្សពលករកូរ៉េ (WPK) នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK) នៅក្នុងសមាជលើកទី៩ របស់គណបក្ស។
នៅក្នុងសាររបស់លោក លោក ស៊ី បានកត់សម្គាល់ថា ចាប់តាំងពីសមាជលើកទី៨ របស់ គណបក្ស WPK គណៈកម្មាធិការកណ្តាលនៃគណបក្ស WPK ដែលដឹកនាំដោយលោក គីម បានរួបរួម និងដឹកនាំប្រជាជននៃសាធារណរដ្ឋ DPRK ក្នុងការខិតខំប្រឹងប្រែង ដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងបុព្វហេតុនៃការកសាងសង្គមនិយមនៅក្នុងប្រទេស។
លោក ស៊ី បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសឡើងវិញរបស់សមមិត្ត គីម ជាអគ្គលេខាធិការនៃគណបក្ស WPK ឆ្លុះបញ្ចាំងជាថ្មីម្តងទៀតនូវការជឿទុកចិត្តខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋ DPRK ចំពោះអគ្គលេខាធិការ។
លោកបានបន្ថែមថា នេះមានសារៈសំខាន់ខ្លាំងណាស់ដែលសមាជលើក៩ របស់គណបក្ស WPK ត្រូវបានធ្វើឡើងដោយជោគជ័យនៅដំណាក់កាលដ៏សំខាន់មួយ នៅពេលដែលកិច្ចការរបស់គណបក្ស និងប្រទេសចូលទៅក្នុងដំណាក់កាលមួយដែលកសាងឡើងលើអតីតកាល និងនាំមកនូវអនាគត។
លោកបានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) ដែលដឹកនាំដោយអគ្គលេខាធិការ គណបក្ស និងប្រជាជនកូរ៉េខាងជើង នឹងឆ្លៀតយកសមាជនេះជាឱកាសមួយដើម្បីបើកឱកាសថ្មីៗជាបន្តបន្ទាប់សម្រាប់បុព្វហេតុសង្គមនិយមរបស់ប្រទេសកូរ៉េខាងជើង។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិន និងកូរ៉េខាងជើង គឺជាប្រទេសជិតខាងសង្គមនិយមដ៏រួសរាយរាក់ទាក់ ជួយគ្នាទៅវិញទៅមក ដោយលោកបានសង្កត់ធ្ងន់ថា នេះជាគោលនយោបាយដ៏រឹងមាំរបស់គណបក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន ដើម្បីថែរក្សា ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ស៊ី បានកត់សម្គាល់ថាលោកបានជួបជាមួយលោក គីម ជាច្រើនដង ដោយរួមគ្នាណែនាំការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងចិន-កូរ៉េខាងជើង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





