កម្មវិធីល្ខោននិទាឃរដូវ ឆ្នាំ២០២៦ នៅខេត្តក្វាងស៊ី បង្ហាញវប្បធម៌ចិន ទៅកាន់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ --
ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៦ កម្មវិធីល្ខោននិទាឃរដូវរបស់ទូរទស្សន៍កណ្តាលចិន (CCTV) ត្រូវបានរៀបចំឡើងនៅតំបន់ទេសភាពស្រស់ស្អាតនៃខេត្តក្វាងស៊ី ប្រទេសចិន ដោយនាំមកនូវព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យជូនទស្សនិកជនទូទាំងពិភពលោក។
ក្នុងកម្មវិធីនេះ ក៏មានការសម្តែងល្ខោនប្រពៃណីជាច្រើនប្រភេទរបស់ខេត្តក្វាងស៊ី ដូចជា ល្ខោន Zhuang ល្ខោន Gui ល្ខោន Yong និងការសម្តែងភ្លេងប្រពៃណី Tianqin ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិចក្នុងតំបន់។ ព្រមជាមួយនេះ សិល្បករ មកពីបណ្តាប្រទេសអាស៊ានក៏ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងរួមគ្នា បង្កើតជាពិធីបុណ្យវប្បធម៌ពហុជាតិដ៏ទាក់ទាញ។


យោងតាមទិន្នន័យផ្លូវការ កម្មវិធីនេះបានឈានដល់អ្នកទស្សនាសរុបប្រមាណ ៣,១ ពាន់លាននាក់ ខណៈអ្នកទស្សនាការផ្សាយផ្ទាល់មានប្រមាណ ៦៣០ លាននាក់។ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈនេះ ប្រធានបទពាក់ព័ន្ធនៅលើបណ្ដាញអនឡាញទទួលបានការចូលមើលជាង ៥១០ លានដង កើនឡើងជិត ១០០ លានដង បើប្រៀបធៀបនឹងឆ្នាំមុន បង្ហាញពីឥទ្ធិពលកាន់តែខ្លាំងនៃវប្បធម៌ប្រពៃណីចិន។

សូមបញ្ជាក់ថា កម្មវិធីល្ខោនអូប៉េរ៉ានិទាឃរដូវឆ្នាំ២០២៦ នឹងត្រូវចាក់ផ្សាយឡើងវិញចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ តាមប៉ុស្តិ៍ទូរទស្សន៍ជាច្រើន រួមមាន CCTV-1, CCTV-3, CCTV-11 និងប៉ុស្តិ៍ផ្សេងៗរបស់វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ព្រមទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដើម្បីឱ្យទស្សនិកជនអាចបន្តរីករាយនឹងសិល្បៈល្ខោនប្រពៃណីចិនបានជាបន្តបន្ទាប់៕




ដោយ៖ រិទ្ធី ប្រភព៖ CMG





