មន្ត្រីអ៊ីរ៉ង់និយាយថា កិច្ចចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមខែមីនា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា កិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រស៍កាលពីថ្ងៃអាទិត្យ។ ការរាយការណ៍នេះបាននិយាយថា មានលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ។ កិច្ចចរចាជុំទីពីររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ដោយមានកិច្ចសម្របសម្រួលពីប្រទេសអូម៉ង់។ បន្ទាប់ពីកិច្ចចរចានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បានប្រកាសពីវឌ្ឍនភាព និងបានកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននឹងធ្វើការលើអត្ថបទដែលអាចបង្កើតជាមូលដ្ឋាននៃកិច្ចព្រមព្រៀង ដែលអាចកើតមាន។ នៅពេលមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា «កងនាវាចម្បាំងដ៏ធំមួយ» កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងយល់ព្រមចរចាកិច្ចព្រមព្រៀងដោយ «យុត្តិធម៌ និងសមធម៌» ដែលនឹងតម្រូវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី បានសង្កត់ធ្ងន់កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សាធារណរដ្ឋអ៊ីស្លាមនេះបានទទូចចំពោះសិទ្ធិរបស់ខ្លួនក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម បើទោះបីជាវានាំឱ្យមានសង្គ្រាមក៏ដោយ៕ ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





