ប្រធានាធិបតីប្រេស៊ីលជំរុញឱ្យកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) កាលពីចុងសប្តាហ៍មុន បានអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់របស់អង្គការសហប្រជាជាតិ និងបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីថ្ងៃពុធ លោក លូឡា ដា ស៊ីលវ៉ា បានទៅដល់ប្រទេសឥណ្ឌាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលប្រាំថ្ងៃ ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi)។ ក្រៅពីរ៉ែសំខាន់ៗ និងពាណិជ្ជកម្ម មេដឹកនាំទាំងពីរបានលើកយកកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ការពារជាតិ ពហុភាគីនិយម និងអភិបាលកិច្ចសកលលោកសម្រាប់កិច្ចពិភាក្សា។ ប្រធានាធិបតីប្រេស៊ីលបានបន្ថែមថា កាលពី ២០ឆ្នាំមុន ប្រទេសប្រេស៊ីល ឥណ្ឌា ជប៉ុន និងអាល្លឺម៉ង់ បានបង្កើតក្រុមប្រទេសទាំងបួន (G-4) ដែលបានតស៊ូមតិជាយូរមកហើយសម្រាប់ការពង្រីកក្រុមប្រឹក្សាសន្តិសុខ។ លោក លូឡា បាននិយាយថា «ការពង្រីកសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ រួមទាំងប្រេស៊ីល និងឥណ្ឌា គឺមានសារៈសំខាន់សម្រាប់ភាពស្របច្បាប់ និងប្រសិទ្ធភាពនៃការគ្រប់គ្រងសកលលោក»។ ក្រុមប្រទេសទាំងបួន (G-4) រួមមាន ឥណ្ឌា ប្រេស៊ីល អាល្លឺម៉ង់ និងជប៉ុន ដែលស្វែងរកអាសនៈអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកម្រិតអភិវឌ្ឍន៍របស់ពួកគេអាចប្រៀបធៀបទៅនឹងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនាពេលបច្ចុប្បន្ន។ នៅក្នុងកិច្ចប្រជុំ G4 ចុងក្រោយបង្អស់នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច រដ្ឋមន្ត្រីការបរទេសបានអំពាវនាវឱ្យមានការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ និងបានបញ្ជាក់សារជាថ្មីនូវការគាំទ្រគ្នាទៅវិញទៅមក៕ ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





