រដ្ឋមន្ត្រីការពារជាតិអង់គ្លេស៖ អង់គ្លេសចង់ក្លាយជាប្រទេសដំបូងគេដែលបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស លោក ចន ហៀលេយ (John Healey) បាននិយាយថា លោកចង់ក្លាយជាអ្នកដំបូងគេដែលបញ្ជូនកងទ័ពអង់គ្លេសទៅកាន់អ៊ុយក្រែន។ លោក ហៀលេយ បានសរសេរនៅក្នុងមតិយោបល់ដែលបានចុះផ្សាយនៅក្នុងកាសែត Telegraph កាលពីចុងសប្តាហ៍មុនថា «ខ្ញុំចង់ក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលដាក់ពង្រាយកងទ័ពអង់គ្លេសទៅកាន់អ៊ុយក្រែន ពីព្រោះនេះនឹងមានន័យថា សង្គ្រាមនេះបានបញ្ចប់ហើយ»។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ទីស្នាក់ការកណ្តាលដែលមានមនុស្ស ៧០នាក់ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកម្លាំងពហុជាតិសម្រាប់អ៊ុយក្រែន ដែលត្រូវបានបង្ហាញនៅទីក្រុងប៉ារីសកាលពីក្នុងខែមករា។ នៅដើមខែមករា ទីក្រុងប៉ារីសបានរៀបចំកិច្ចប្រជុំ «សម្ព័ន្ធភាពនៃឆន្ទៈ» ដែលបានឃើញនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គ័រ ស្តាមើរ (Keir Starmer) បានសន្យាថានឹងបង្កើតមូលដ្ឋានយោធានៅទូទាំងអ៊ុយក្រែនរួមគ្នាជាមួយបារាំងក្នុងករណីមានបទឈប់បាញ់។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា សេណារីយ៉ូណាមួយដែលនាំឱ្យមានការដាក់ពង្រាយកងទ័ពនៅអ៊ុយក្រែនដោយសម្ព័ន្ធមិត្តអង្គការណាតូ គឺមិនអាចទទួលយកបានទាំងស្រុងសម្រាប់រុស្ស៊ី ហើយអាចបង្កឱ្យភាពតានតឹងកើនឡើងយ៉ាងខ្លាំង៕ ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





