ស្លូវ៉ាគីត្រៀមខ្លួនរួចជាស្រេចដើម្បីផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែននៅថ្ងៃទី២៣ ខែកុម្ភៈនេះ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសស្លូវ៉ាគីនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់អ៊ុយក្រែនចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះប្រសិនបើទីក្រុងគៀវមិនបន្តការដឹកជញ្ជូនប្រេងតាមរយៈបំពង់បង្ហូរប្រេងDruzhba ទេនោះ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូបឺត ហ្វីកូ (Robert Fico)។
លោក ហ្វីកូ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ស្លូវ៉ាគីគឺជាប្រទេសដែលមានមោទនភាព និងមានអធិបតេយ្យភាព ហើយខ្ញុំជាជនជាតិស្លូវ៉ាគីដែលមានមោទនភាព និងមានអធិបតេយ្យភាព។ ប្រសិនបើការផ្គត់ផ្គង់ប្រេងទៅកាន់ស្លូវ៉ាគីមិនត្រូវបានបន្តនៅថ្ងៃចន្ទនេះទេ ខ្ញុំនឹងស្នើសុំឱ្យ SEPS ឈប់ផ្គត់ផ្គង់អគ្គិសនីទៅអ៊ុយក្រែន»។
យោងតាមលោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា វាត្រូវការអគ្គិសនីទ្វេដងដើម្បីធ្វើឱ្យប្រព័ន្ធថាមពលរបស់អ៊ុយក្រែនមានស្ថេរភាពនៅក្នុងខែមករាឆ្នាំ២០២៦ ជាងកាលពីនៅឆ្នាំ២០២៥ ទាំងមូល។
លោកបាននិយាយថា «ប្រសិនបើលោកខាងលិចមិនជំទាស់នឹងការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ទេនោះ ស្លូវ៉ាគីមិនអាចយល់ឃើញថាទំនាក់ទំនងរវាងស្លូវ៉ាគី និងអ៊ុយក្រែនជាទំនាក់ទំនងដែលមានប្រយោជន៍សម្រាប់តែអ៊ុយក្រែនប៉ុណ្ណោះនោះទេ»។
លោក ហ្វីកូ បានកត់សម្គាល់ថា មានតែការផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅស្លូវ៉ាគីប៉ុណ្ណោះដែលបណ្តាលឱ្យខូចខាតចំនួន ៥០០លានអឺរ៉ូ ខណៈដែលការផ្អាកការដឹកជញ្ជូនប្រេងបានបណ្តាលឱ្យខូចខាត និងការលំបាកផ្នែកភស្តុភារកាន់តែច្រើន។
លោកនាយករដ្ឋមន្រ្តីបានសន្និដ្ឋានថា «ដោយពិចារណាទៅលើអាកប្បកិរិយាដែលមិនអាចទទួលយកបានរបស់លោក [វ្ល៉ាឌីមៀ] ហ្សេលេនស្គី ចំពោះប្រទេសស្លូវ៉ាគីថាជាប្រទេសដែលមានអរិភាពនោះ ខ្ញុំចាត់ទុកថាវាត្រឹមត្រូវទាំងស្រុងនោះទេក្នុងការមិនពាក់ព័ន្ធនឹងសាធារណរដ្ឋស្លូវ៉ាគីក្នុងប្រាក់កម្ចីយោធាចំនួន ៩០ប៊ីលានអឺរ៉ូដល់អ៊ុយក្រែន»។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រភពឧស្សាហកម្មបានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ក្រុមហ៊ុន Ukrtransnafta ដែលដឹកជញ្ជូនប្រេងឆ្លងកាត់អ៊ុយក្រែន បានហាមឃាត់ការផ្គត់ផ្គង់ប្រេងឆៅទៅកាន់ស្លូវ៉ាគីនិងហុងគ្រី។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភែទើរ អេសហ្សីជចាតូ (Peter Szijjarto) បានចោទប្រកាន់លោក ហ្សេលេនស្គី ពីបទរារាំងការផ្គត់ផ្គង់នេះ ដើម្បីបង្កើតការលំបាកដល់រដ្ឋាភិបាលមុនការបោះឆ្នោតសភា៕





