អ្នកការទូតកំពូលហ្វាំងឡង់៖ ការបន្តកិច្ចសន្ទនាជាមួយរុស្ស៊ីនៅតែអាចធ្វើទៅបាន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកស្រី អេលីណា វ៉លថូនែន (Elina Valtonen) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកផ្សាយទូរទស្សន៍ និងវិទ្យុ Yle របស់ប្រទេសហ្វាំងឡង់ថា កិច្ចពិភាក្សារវាងរុស្ស៊ី និងហ្វាំងឡង់នៅតែអាចធ្វើទៅបាន។
ដោយឆ្លើយតបទៅនឹងសំណួរមួយថា តើកិច្ចសន្ទនាជាមួយទីក្រុងមូស្គូនៅតែអាចធ្វើទៅបាននាពេលអនាគតដែរឬទេ? លោកស្រី វ៉លថូនែន បាននិយាយថា «ជាការពិតណាស់ នៅចំណុចណាមួយ... ទោះជាយ៉ាងណាក៏ដោយ យើងត្រូវឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងអ្វីដែលយើងចង់សម្រេចបានតាមរយៈកិច្ចសន្ទនានេះ និងកំណត់ការទទួលខុសត្រូវ»។
អ្នកការទូតកំពូលហ្វាំងឡង់រូបនេះ បាននិយាយថា លោកស្រីជឿជាក់ថា អឺរ៉ុបគួរតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការសន្តិភាព។
លោកស្រី វ៉លថូនែន ក៏បានកត់សម្គាល់ផងដែរថា ហ្វាំងឡង់កំពុងពិចារណានៅពេលនេះអំពីលទ្ធភាពនៃការចូលរួមជាមួយអតីតប្រធានាធិបតីសូលី នីនីស្តូ (Sauli Niinisto) ក្នុងកិច្ចចរចាជាមួយរុស្ស៊ី។
លោកស្រីបាននិយាយថា «យើងមានអ្នកចរចាដែលមានបទពិសោធន៍ហើយលោក នីនីស្តូ ពិតជាម្នាក់ក្នុងចំណោមពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាមិនពាក់ព័ន្ធនៅពេលនេះទេ»។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ក៏បានចង្អុលបង្ហាញផងដែរថា វាមានសារៈសំខាន់ណាស់ក្នុងការដាក់ឱ្យដំណើរការកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៩០ប៊ីលានអឺរ៉ូ (១០៦,០៣ប៊ីលានដុល្លារអាម៉េរិក) ដែលពីមុនត្រូវបានរារាំងដោយប្រទេសហុងគ្រី។
យោងតាមលោកស្រី បានឱ្យដឹងថា ប្រទេសហ្វាំងឡង់បានជួយអ៊ុយក្រែនរួចហើយ ដោយបានបែងចែកអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានពីទុនបម្រុងរបស់ខ្លួន រួមទាំងសម្ភារៈការពារជាតិ និងជំនួយដើម្បីជំនះវិបត្តិថាមពល។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ភែតទើរី អូប៉ូ (Petteri Orpo) បានបញ្ជាក់កាលពីចុងខែមករាថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)ប៉ុន្តែយោងតាមរូបលោក បានឱ្យដឹងថា ពេលវេលាសម្រាប់កិច្ចចរចាបែបនេះនៅមិនទាន់មកដល់នៅឡើយទេ។
នៅពេលមុននេះ កាសែត Politico បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានរបស់ខ្លួនថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបកំពុងពិភាក្សាអំពីលទ្ធភាពនៃការតែងតាំងបេសកជនពិសេសសម្រាប់កិច្ចចរចា ស្តីពីដំណោះស្រាយអ៊ុយក្រែន ដែលនឹងចូលរួមក្នុងកិច្ចសន្ទនាជាមួយភាគីរុស្ស៊ីក្នុងនាមប្លុក។ ប្រធានាធិបតីហ្វាំងឡង់ លោក អាឡិចសាន់ដឺរ ស្ទូបប៍ (Alexander Stubb) ត្រូវបានគេលើកឡើងថា ជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់តួនាទីនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





