ប្រទេសចិនអាចនឹងកំពុងធ្វើការទៅលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជំនាន់ថ្មី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកជឿជាក់ថា ប្រទេសចិនកំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរជំនាន់ថ្មី ហើយបានធ្វើតេស្តយ៉ាងហោចណាស់មួយរួចមកហើយ ដែលជាផ្នែកមួយនៃដំណើរការធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះរបស់ខ្លួន។
យោងតាមប្រភពព័ត៌មាននោះ បានឱ្យដឹងថា ការវិនិយោគដែលបានផ្តល់សិទ្ធិនៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែរនឹងអនុញ្ញាតឱ្យប្រទេសចិនអាចមានសមត្ថភាពបច្ចេកទេសដែលគ្មានប្រទេសមហាអំណាចនុយក្លេអ៊ែរណាមួយមាននាពេលបច្ចុប្បន្ន។
សារព័ត៌មាន CNN បានបញ្ជាក់នៅក្នុងការរាយការណ៍របស់ខ្លួនថា«ប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់កាលពីខែមិថុនាឆ្នាំ២០២០ នៅឯរោងចក្រ Lop Nur នៅភាគពាយ័ព្យនៃប្រទេស បើទោះបីជាមានការផ្អាកដោយខ្លួនឯងទៅលើសកម្មភាពបែបនេះដែលត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៦ មកក៏ដោយ ហើយកំពុងមានគម្រោងធ្វើបន្ថែមទៀតនាពេលអនាគត។ នេះបើយោងតាមប្រភពព័ត៌មាន និងសេចក្តីថ្លែងការណ៍ថ្មីៗពីមន្ត្រីអាម៉េរិក»។
អ្នកផ្សាយព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបន្តដកស្រង់ប្រភពដែលស្គាល់ស្ថានភាពនេះ ដែលបាននិយាយថា «ភស្តុតាងដែលប្រមូលបានជាផ្នែកមួយនៃការពិនិត្យឡើងវិញជាបន្តបន្ទាប់នៃព្រឹត្តិការណ៍កាលពីខែមិថុនា ឆ្នាំ២០២០ ដោយបាននាំឱ្យមន្ត្រីអាម៉េរិកធ្វើការសន្និដ្ឋានថា ការធ្វើតេស្តសាកល្បងនេះត្រូវបានជំរុញដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនចំពោះអាវុធនុយក្លេអ៊ែរជំនាន់ក្រោយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





