ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- សេតវិមានបានប្រកាសកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាផ្លូវការ ដោយកំណត់អត្រាពន្ធទៅវិញទៅមក និងរបាំងមិនមែនពន្ធទៅលើទំនិញដែលបានជួញដូររវាងប្រទេសទាំងពីរ។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលបានប្រកាសជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំមុន សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១៩% ទៅលើទំនិញដែលនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ ពីមុន ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានប្រឈមមុខនឹងការរំពឹងទុកនៃពន្ធគយរបស់សហរដ្ឋអាមេរិករហូតដល់ ៣២%។
ជាថ្នូរទៅវិញ ឥណ្ឌូណេស៊ីបានសន្យាថានឹងលើកលែងតម្រូវការមាតិកាក្នុងស្រុកសម្រាប់បណ្តាក្រុមហ៊ុនរបស់អាម៉េរិក ខណៈដែលកំពុងដោះស្រាយ និងទប់ស្កាត់របាំងដែលប៉ះពាល់ដល់ការនាំចេញកសិកម្មរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសនេះ។
ប្រទេសទាំងពីរក៏សរសើរដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើមដែលមានទឹកប្រាក់ប្រមាណ ៣៣ប៊ីលានដុល្លារអាម៉េរិកនៃការវិនិយោគលើវិស័យកសិកម្ម អាកាសចរណ៍ និងថាមពលនៅសហរដ្ឋអាមេរិក ដែលបង្កើនការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀតផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





