វិស័យពាណិជ្ជកម្ម និងសេវាកម្មរបស់ម៉ាឡេស៊ីសម្រេចបានអតិរេកបន្ទាប់ពីរយៈពេល ១៤ឆ្នាំកន្លងមក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីសម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយនៅក្នុងឆ្នាំ២០២៥ ដោយពាណិជ្ជកម្មទំនិញសរុបលើសពី ៣ទ្រីលានរីងហ្គីត (៧៧០ប៊ីលានដុល្លារអាម៉េរិក) ជាលើកដំបូងដែលឆ្លុះបញ្ចាំងពីភាពធន់សេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់។
យោងតាមសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី(Matrade) បានឱ្យដឹងថា សន្ទុះនេះត្រូវបានពង្រឹងដោយវិស័យសេវាកម្មដែលបានកត់ត្រាអតិរេកពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១១ មក ដែលជាការផ្លាស់ប្តូរដ៏ជោគជ័យឆ្ពោះទៅរកសេដ្ឋកិច្ចដែលជំរុញដោយសេវាកម្មដែលមានតម្លៃខ្ពស់។
អតិរេកពាណិជ្ជកម្មចំនួន ២៩៥លានដុល្លារអាម៉េរិកនេះ បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលដឹកនាំដោយការអនុវត្តដ៏រឹងមាំនៅក្នុងសេវាកម្មទេសចរណ៍ និងផលិតកម្ម។
ពាណិជ្ជកម្មសរុបនៃសេវាកម្មក៏បានឈានដល់កម្រិតខ្ពស់បំផុត គឺតម្លៃ១៣៩ប៊ីលានដុល្លារអាម៉េរិក ដែលកើនឡើង ៩,២% ពីឆ្នាំ២០២៤។ក្នុងចំណោមនេះ ការនាំចេញសេវាកម្មបានឈានដល់កម្រិតខ្ពស់បំផុតចំនួន៧០ប៊ីលានដុល្លារអាម៉េរិក ដែលកើនឡើង ១២% ដោយខ្ពស់ជាងការកើនឡើង ៦,៤% នៃការនាំចូលសេវាកម្ម ដែលមានតម្លៃ ៦៩ប៊ីលានដុល្លារអាម៉េរិក។
លោក រីហ្សាល់ មើរីខេន ណៃនា មើរីខេន (Reezal Merican Naina Merican) ប្រធានសាជីវកម្ម Matrade បាននិយាយថា ការសម្រេចបាននូវអតិរេកសេវាកម្មជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំកន្លងមកនេះ បានបបង្ហាញពីភាពជោគជ័យនៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្ររបស់ប្រទេសលោកឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានតម្លៃខ្ពស់ និងផ្អែកលើចំណេះដឹង។
ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញារក្សាសន្ទុះនេះ ដោយបង្កើនគំនិតផ្តួចផ្តើមលើកកម្ពស់ការនាំចេញនៅទូទាំងទីផ្សារសំខាន់ៗ និងទីផ្សារកំពុងអភិវឌ្ឍន៍ ស្របតាមយុទ្ធសាស្ត្រធ្វើពិពិធកម្ម ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាពសម្រាប់អ្នកនាំចេញម៉ាឡេស៊ី។
លោក អាប៊ូ បាការ យូសូហ្វ (Abu Bakar Yusof) នាយកប្រតិបត្តិនៃសាជីវកម្ម Matrade បានសង្កត់ធ្ងន់ថា ការអនុវត្តដ៏ល្អឥតខ្ចោះនៃវិស័យសេវាកម្មក្នុងឆ្នាំ២០២៥ ក៏ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃគំនិតផ្តួចផ្តើមនាំចេញគោលដៅរបស់សាជីវកម្ម តាមរយៈការបង្ហាញសមត្ថភាពក្នុងស្រុករបស់ខ្លួននៅក្នុងការតាំងពិព័រណ៍អន្តរជាតិដ៏ល្បីល្បាញនៅក្នុងវិស័យនានា ដូចជាវិស័យអាកាសចរណ៍ ប្រព័ន្ធអេកូឡូស៊ីថាមពល បន្ទះឈីប និងការថែទាំសុខភាពជាដើម។
លោក អាប៊ូ បាការ បាននិយាយថា ព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់ៗទាំងអស់ដែលទាក់ទងនឹងសេវាកម្មទាំងនេះ ស្របទៅនឹងវិស័យដែលមានតម្លៃខ្ពស់ ដូចដែលបានចែងនៅក្នុងផែនការមេឧស្សាហកម្មថ្មី (NIMP) ដើម្បីធានាថា វិស័យសេវាកម្មបន្តបម្រើជាម៉ាស៊ីនសំខាន់នៃវិបុលភាពជាតិ។
នៅក្នុងឆ្នាំ២០២៦ សាជីវកម្ម Matrade នឹងដាក់ចេញផែនទីបង្ហាញផ្លូវដែលផ្តោតសំខាន់ទៅលើការផ្តល់អំណាចដល់អ្នកផ្តល់សេវាក្នុងស្រុក រួមទាំងសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ដើម្បីពង្រីកវត្តមានរបស់ពួកគេនៅទូទាំងពិភពលោក។ វាក៏នឹងបន្តលើកកម្ពស់ឧត្តមភាពនាំចេញរបស់ម៉ាឡេស៊ីនៅលើឆាកពិភពលោកផងដែរ ដោយធ្វើឱ្យការធ្វើសមាហរណកម្មរបស់ខ្លួនកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកដោយលើកកម្ពស់នវានុវត្តន៍ និងភាពជាដៃគូដែលមានតម្លៃខ្ពស់ ដែលនឹងជំរុញវិបុលភាពរយៈពេលវែង និងពង្រឹងគោលជំហររបស់ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលរបស់សកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





