មីយ៉ាន់ម៉ាហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិចនៅទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- អាជ្ញាធរមីយ៉ាន់ម៉ាបានដាក់ចេញនូវការហាមឃាត់យ៉ាងទូលំទូលាយទៅលើបារីអេឡិចត្រូនិច និងផលិតផលពាក់ព័ន្ធ ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសុខភាពសាធារណៈ ជាពិសេសក្នុងចំណោមយុវវ័យ។
ការហាមឃាត់នេះត្រូវបានដាក់ចេញដោយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក្រោមការអនុញ្ញាតពីគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ដោយហាមឃាត់ការនាំចូល ការនាំចេញ ការលក់ ការកាន់កាប់ ការរក្សាទុក ការយកតាមខ្លួន ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិច និងគ្រឿងប្រើប្រាស់ពាក់ព័ន្ធ ក៏ដូចជាស៊ីសាអេឡិចត្រូនិច។
ក្រសួងបាននិយាយថា ការហាមឃាត់នេះត្រូវបានអនុវត្តក្រោមច្បាប់ផ្គត់ផ្គង់ និងសេវាកម្មចាំបាច់។
លោក Kyaw Kan Kaung អនុប្រធាននាយកដ្ឋានសុខភាពសាធារណៈ បាននិយាយថា បារីអេឡិចត្រូនិចបានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមយុវវ័យ មិនត្រឹមតែនៅក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសដទៃទៀតផងដែរ។
មនុស្សជាច្រើនក៏ជឿថា បារីអេឡិចត្រូនិចមានគ្រោះថ្នាក់តិចជាងបារីធម្មតាដែរ ប៉ុន្តែនោះជាការខុសទាំងស្រុង លោកបានបន្ថែមថា បារីអេឡិចត្រូនិចអាចបំផ្លាញសួតដោយផ្ទាល់ និងមានផ្ទុកជាតិនីកូទីន លោហធាតុធ្ងន់និងសារធាតុពុលផ្សេងៗទៀតដែលញៀនខ្លាំង។ ការហាមឃាត់នេះត្រូវបានដាក់ចេញដើម្បីការពារសុខភាពសាធារណៈ ជាពិសេសក្នុងចំណោមយុវវ័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





