ឡាវរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១០ និងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី៥
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១០ (រដ្ឋសភា) និងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី៥ របស់ប្រទេសឡាវ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវ បានចូលរួមជាមួយប្រជាពលរដ្ឋមួយចំនួនធំមកពីគ្រប់ក្រុមជនជាតិភាគតិចទាំងអស់ក្នុងការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានា ដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ពួកគេ។
លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីឡាវ និងភរិយារបស់លោក រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ១ នៃមណ្ឌលបោះឆ្នោតលេខ១ ក្នុងភូមិថាផាឡានសៃ ស្រុកស៊ីសាត់តាណាក់ក្នុងរដ្ឋធានីវៀងចន្ទន៍។
ក្នុងឱកាសថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស នៅការិយាល័យបោះឆ្នោតលេខ២៣ នៃមណ្ឌលបោះឆ្នោតលេខ១ នៅវត្តស៊ីប៊ុនហឿង ស្រុកចន្ថាប៊ូលី ប្រធានរដ្ឋសភាឡាវ លោក សាយសំផូន ភូមិវិហាន (Saysomphone Phomvihane) បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់ៗចំនួនបីរបស់តំណាងប្រជាជនក្នុងអាណត្តិថ្មី គឺការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ការដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ និងច្បាប់ដើម្បីធានាថា ប្រជាជនមកពីគ្រប់ស្រទាប់សង្គម និងកងកម្លាំងប្រដាប់អាវុធគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិរបស់រដ្ឋ។
លោកក៏បានអំពាវនាវដល់អ្នកបោះឆ្នោតម្នាក់ៗផងដែរ បន្ទាប់ពីបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេ ឱ្យបង្កើនស្មារតីទទួលខុសត្រូវនិងពង្រឹងការត្រួតពិនិត្យការអនុវត្តរបស់តំណាងរបស់ពួកគេ ដើម្បីធានាថាបុគ្គលដែលត្រូវបានជ្រើសរើស ធ្វើការងារប្រកបដោយប្រសិទ្ធភាព និងរស់នៅស្របតាមទំនុកចិត្តរបស់ប្រជាជន។
ស្ថិតិបានបង្ហាញថា មានអ្នកមានសិទ្ធិបោះឆ្នោតសរុបចំនួន៤.៧៦៤.៣៨៤នាក់នៅទូទាំងប្រទេសឡាវ។ ពួកគេនឹងជ្រើសរើសតំណាងរាស្ត្រចំនួន ១៧៥រូបសម្រាប់រដ្ឋសភានីតិកាលទី១០ ក្នុងចំណោមបេក្ខភាពសរុបចំនួន ២៤៣រូប និងតំណាងរាស្ត្រចំនួន ៧៤៥រូបសម្រាប់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី៥ ក្នុងចំណោមបេក្ខភាពសរុបចំនួន ១.០៤១រូប។ បើប្រៀបធៀបទៅនឹងរដ្ឋសភានីតិកាលទី៩ សភានីតិកាលទី១០ របស់ប្រទេសឡាវនាពេលនេះ មានសមាជិកបន្ថែមចំនួន ១១រូបទៀត។
ការបោះឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី១០ និងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី៥ នៃប្រទេសឡាវ បានធ្វើឡើងបន្ទាប់ពីសមាជជាតិលើកទី១២ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលទទួលបានជោគជ័យ។ រួមជាមួយនឹងសមិទ្ធផលនានាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការការពារជាតិ-សន្តិសុខ ដែលសម្រេចបានក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះការបោះឆ្នោតនៅក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងជួយបំពេញបន្ថែមនូវឧបករណ៍ដឹកនាំរបស់ប្រទេស ដើម្បីបន្តដឹកនាំប្រទេសឡាវនៅលើមាគ៌ារបស់ខ្លួនឆ្ពោះទៅរកវិបុលភាព និងយុគសម័យថ្មីនៃការអភិវឌ្ឍ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





