យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហារដោយអាវុធនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមអ្នកតាក់តែងច្បាប់ក្នុងតំបន់បានឱ្យដឹងថា
យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបានសម្លាប់ និងមួយចំនួនធំទៀតត្រូវបានចាប់ពង្រត់បន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមបានបើកការវាយប្រហារយ៉ាងឃោរឃៅទៅលើភូមិមួយក្នុងរដ្ឋហ្សាមហ្វារ៉ា ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា។
លោក ហាមីស៊ូ ហ្វារូ (Hamisu Faru) អ្នកតាក់តែងច្បាប់តំណាងឱ្យតំបន់ដែលរងផលប៉ះពាល់នៅសភារដ្ឋហ្សាមហ្វារ៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសៅរ៍ថា ការវាយឆ្មក់លើភូមិ Tungan Dutseដែលមានទីតាំងក្នុងមូលដ្ឋានតំបន់ Bukkuyum ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបន្តរហូតដល់ព្រឹកថ្ងៃសុក្រ។
លោក ហ្វារូ បាននិយាយថា ក្រុមអ្នកវាយប្រហារបានមកដល់ដោយជិះម៉ូតូជាង ១៥០ គ្រឿងធ្វើដំណើរឆ្លងកាត់សហគមន៍ ហើយបាញ់ប្រហារដោយមិនរើសមុខទៅលើអ្នកស្រុក និងបំផ្លាញអគារមួយចំនួន។
មន្ត្រីមូលដ្ឋានបាននិយាយថា «ក្រុមអ្នកវាយប្រហារបានឈ្លានពានភូមិនេះយ៉ាងខ្លាំងក្លា ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់» ដោយមន្ត្រីមូលដ្ឋានកត់សម្គាល់ថាចំនួនពិតប្រាកដនៃមនុស្សដែលត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលវាយប្រហារនៅតែមិនច្បាស់លាស់ ខណៈដែលមនុស្សជាច្រើនបានរត់គេចខ្លួនចូលទៅក្នុងគុម្ពោតព្រៃក្បែរនោះដើម្បីសុវត្ថិភាព។
យោងតាមលោក ហ្វារូ បានឱ្យដឹងថា ជនរងគ្រោះនៃការវាយប្រហាររួមមានពាណិជ្ជករ និងកសិករ ដោយអ្នកដែលត្រូវបានចាប់ពង្រត់ជាច្រើនត្រូវបានរាយការណ៍ថាជាស្ត្រី និងកុមារ។ រហូតមកដល់ពេលនេះ មិនទាន់មានភ្នាក់ងារសន្តិសុខណាមួយបានបញ្ជាក់ពីហេតុការណ៍នេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





