អាហ្វហ្គានីស្ថានបញ្ជាក់ពីការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានទៅលើតំបន់ព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក ហ្សាប៊ីហុលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបញ្ជាក់នៅលើបណ្ដាញសង្គមអ៊ិច កាលពីថ្ងៃអាទិត្យថា យោធាប៉ាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសម្តងទៀតនៅលើតំបន់ព្រំដែនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
លោក មូចាហ៊ីដ បាននិយាយថា យោធាប៉ាគីស្ថានបានទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិលនៅក្នុងខេត្តណានហ្គារហារ និងខេត្តប៉ាក់ទីកាដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ រួមទាំងស្ត្រី និងកុមារផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថាជាការរំលោភបំពានយ៉ាងច្បាស់លាស់ និងជាទង្វើឧក្រិដ្ឋប្រឆាំងនឹងទឹកដីអាហ្វហ្គានីស្ថាន ដោយសេចក្តីថ្លែងការណ៍និយាយថា ទង្វើនេះបានរំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍នៃភាពជាអ្នកជិតខាងដ៏ល្អ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប៉ាគីស្ថានបានវាយប្រហារគោលដៅជនស៊ីវិល និងទីតាំងសាសនាអាហ្វហ្គានីស្ថាន ហើយភាគីអាហ្វហ្គានីស្ថាននឹងធ្វើការឆ្លើយតបសមស្រប និងពិចារណាដោយប្រុងប្រយ័ត្ននៅពេលវេលាសមស្រប។
ក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់ប៉ាគីស្ថានបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ប៉ាគីស្ថានបានធ្វើការវាយប្រហារដោយផ្អែកលើចារកម្មក្នុងជំរំសកម្មប្រយុទ្ធចំនួន ៧កន្លែងតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនោះត្រូវបានអះអាងដោយក្រុមនៃក្រុម Tehreek-i-Taliban Pakistan ក៏ដូចជាដោយក្រុមរដ្ឋអ៊ីស្លាមខេត្តខូរ៉ាសាន។
ចាប់តាំងពីខែតុលា ឆ្នាំមុនមក ការប៉ះទង្គិចគ្នាបានកើតឡើងម្តងហើយម្តងទៀតនៅតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំមុន ក្រោមការសម្របសម្រួលដោយប្រទេសកាតា និងតួកគី ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់។
បន្ទាប់មក កិច្ចចរចាជាច្រើនជុំត្រូវបានធ្វើឡើងនៅទីក្រុងដូហា ទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងរីយ៉ាដ ដើម្បីធានាបាននូវនិរន្តរភាពនៃបទឈប់បាញ់ប៉ុន្តែមិនមានលទ្ធផលណាមួយត្រូវបានសម្រេចនោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





