ប្រធានាធិបតីស៊ែប៊ី៖ ការវិនិយោគរបស់ប្រទេសចិនមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍស៊ែប៊ី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដឺ វូស៊ីក (Aleksandar Vucic) បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃការវិនិយោគរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសស៊ែប៊ីក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់តំបន់ភាគខាងកើតនៃប្រទេស។
លោក វូស៊ីក បានមានប្រសាសន៍នៅទីក្រុងប័រ ភាគខាងកើតប្រទេសស៊ែប៊ីថា ការចូលរួមរបស់ប្រទេសចិនជាបន្តបន្ទាប់នៅក្នុងគម្រោងឧស្សាហកម្មសំខាន់ៗគឺ «មានសារៈសំខាន់ខ្លាំងណាស់» សម្រាប់ទាំងសហគមន៍ក្នុងតំបន់ និងប្រទេសទាំងមូល។
លោកប្រធានាធិបតីបានគូសបញ្ជាក់ពីផលប៉ះពាល់ជាក់ស្តែងនៃការវិនិយោគរបស់ប្រទេសចិនលើការងារ និងស្តង់ដារជីវភាព ដោយលោកបានកត់សម្គាល់ថា ការវិនិយោគនេះបានរក្សាការងាររាប់ពាន់ និងពង្រឹងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងតំបន់។
ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក វូស៊ីក បានមានប្រសាសន៍ថាការរក្សា និងពង្រីកការវិនិយោគរបស់ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ប្រទេសស៊ែប៊ីសម្រាប់កំណើនប្រកបដោយចីរភាព និងទំនើបកម្ម។
លោកបានមានប្រសាសន៍ថា «គោលដៅរបស់យើងគឺដើម្បីការអភិវឌ្ឍប្រទេសរបស់យើងរួមគ្នាជាមួយដៃគូចិនរបស់យើង»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





