រដ្ឋមន្ត្រីក្រសួងអប់រំបិទការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦-- ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលធ្វើឡើងក្នុងគោលដៅវាស់ស្ទង់សមត្ថភាពដើម្បីបន្តពង្រឹងការហ្វឹកហាត់ជាប្រចាំឆ្ពោះទៅការប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ នៅប្រទេសជប៉ុន កីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី និងកីឡាសាកលវិទ្យាល័យអាស៊ាន រួមទាំងកីឡាយុវជនអាស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ។

ការប្រកួតនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពីក្លិបសរុបចំនួន ៣៤ក្លិប ស្មើនឹង ២១៤នាក់(គ្រូបង្វឹក ៥២នាក់ កីឡាករ ៩៦នាក់ និងកីឡាការិនី ៦៦នាក់) ក្នុងនោះមាន ក្លិបនៅរាជធានីភ្នំពេញចំនួន ៣៤ក្លិប ក្លិបក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការពារជាតិ ខេត្តកណ្តាល ២ក្លិប ខេត្តបាត់ដំបង ៧ក្លិប ខេត្តបន្ទាយមានជ័យ ១ក្លិប ដោយធ្វើការប្រកួតលើ ២១វិញ្ញាសា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរកីឡាករ កីឡាការិនីជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យក្នុងការប្រកួតនេះ និងបានលើកទឹកចិត្តដល់កីឡាករដែលមិនទាន់បានជោគជ័យ សូមបន្តយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដោយការប្រកួតតែងមានឈ្នះចាញ់ អ្វីដែលសំខាន់គឺបទពិសោធដែលទទួលបានពីការប្រកួត ការពង្រឹងចំណងមិត្តភាព សុខភាព វិន័យ និងការប្តេជ្ញាចិត្ត តស៊ូជម្នះបំបែកកំណត់ត្រាខ្លួនឯង ដោយឆ្នាំនេះឃើញមានកីឡាករ កីឡាការនីថ្មីៗជាច្រើនបានចូលរួមប្រកួតបង្ហាញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួនគួរជាទីមោទនៈ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធតេក្វាន់ដូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែករៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងជារៀងរាល់ឆ្នាំដោយបានជំរុញលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ និងបានបញ្ជាក់ថាក្រសួងបានអនុវត្តមុខវិជ្ជាអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងចេញសេចក្តីណែនាំស្តីពីគោលការណ៍រៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិ ដើម្បីបណ្ដុះស្មារតីកុមារ និងយុវជនឱ្យស្រឡាញ់កីឡាស្របតាមពាក្យស្លោក «យុវជនម្នាក់ ត្រូវចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ព្រោះកីឡាមិនត្រឹមតែផ្ដល់នូវសុខភាពល្អនោះទេ ថែមទាំងជួយអប់រំអត្តចរិត គំនិត បំណិន និងស្មារតីតស៊ូអំណត់ធន់ ពង្រឹងភាពក្លាហានដល់យុវជនតាំងពីក្មេងវ័យ ជាពិសេសជំរុញនូវមនសិការស្នេហាជាតិផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





