លោក ហ្សេលេនស្គី៖ កិច្ចចរចាសន្តិភាពត្រីភាគីស្តីពីអ៊ុយក្រែនជុំបន្ទាប់នឹងធ្វើឡើងនៅប្រទេសស្វីស
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ថា កិច្ចចរចាសន្តិភាពត្រីភាគីជុំបន្ទាប់រវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងត្រូវបានធ្វើឡើងម្តងទៀតនៅប្រទេសស្វីស។ បន្ទាប់ពីកិច្ចចរចាជុំទីបីនៅទីក្រុងហ្សឺណែវ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចប្រជុំទាំងនេះ ក្នុងការបង្ហាញពីការពិតនៃសង្គ្រាមទៅកាន់ប្រទេសដទៃទៀតនៅអឺរ៉ុប។ ខណៈដែលមន្ត្រីរុស្ស៊ីបានបង្ហាញថា កិច្ចប្រជុំលើកក្រោយនឹងកើតឡើងឆាប់ៗនេះ មេដឹកនាំអ៊ុយក្រែនបានកត់សម្គាល់ថាវឌ្ឍនភាពលើផ្លូវយោធាបានវ៉ាដាច់ចលនានៅលើឆាកនយោបាយរហូតមកដល់ពេលនេះ។
ចំណុចសំខាន់មួយពីកិច្ចពិភាក្សាថ្មីៗនេះ គឺជំនឿរបស់លោក ហ្សេលេនស្គី ដែលថា បញ្ហាទឹកដីដ៏រសើប និងការបញ្ចប់សង្គ្រាមចុងក្រោយអាចដោះស្រាយបានតែនៅកម្រិតថ្នាក់ដឹកនាំប៉ុណ្ណោះ ដោយលោកបានលើកឡើងពីការខ្វះទំនុកចិត្តយ៉ាងជ្រាលជ្រៅទៅលើប្រទេសរុស្ស៊ី។ លោកបានបញ្ជាក់សារជាថ្មីអំពីភាពចាំបាច់នៃការធានាសន្តិសុខដ៏រឹងមាំ ដើម្បីការពារជម្លោះនាពេលអនាគត ដោយលោកក៏បានសង្កត់ធ្ងន់ផងដែរថាតំណាងអឺរ៉ុបត្រូវតែចូលរួមក្នុងបេសកកម្មត្រួតពិនិត្យក្រោយបទឈប់បាញ់ណាមួយ ដើម្បីធានាស្ថិរភាពក្នុងតំបន់។
ទាក់ទងនឹងក្របខ័ណ្ឌសន្តិសុខកាន់តែទូលំទូលាយ លោក ហ្សេលេនស្គី បានបង្ហាញថា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនកំពុងពិភាក្សាអំពីឯកសារថ្មី ដើម្បីកំណត់ទំនាក់ទំនងរវាងអង្គការណាតូ និងរុស្ស៊ី។ លោកបានទទូចថា អ៊ុយក្រែនមិនគួរត្រូវបានដកចេញពីកិច្ចចរចាកម្រិតខ្ពស់ទាំងនេះទេ។ ខណៈដែលក្រុមចរចាដែលដឹកនាំដោយលោក រូស្ទែម យូម៉េរ៉ូវ (Rustem Umerov) រៀបចំធ្វើសេចក្តីសង្ខេបទៅកាន់ទីក្រុងគៀវ ការផ្តោតការយកចិត្តទុកដាក់នៅតែស្ថិតនៅលើការធ្វើឱ្យមានតុល្យភាពនៃកិច្ចសន្ទនាប្រកបដោយស្ថាបនាជាមួយនឹងការទាមទារសម្រាប់មាគ៌ាការទូតដែលការពារអធិបតេយ្យភាពអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





