ហុងគ្រីផ្អាកការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក ភែតទ័រ អេសហ្ស៊ីជចាតូ(Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសហុងគ្រីបាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសហុងគ្រីបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដើម្បីឆ្លើយតបទៅនឹងការរារាំងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីឆ្លងកាត់បំពង់បង្ហូរប្រេង Druzhba ដោយទីក្រុងគៀវ។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា «ការដឹកជញ្ជូនប្រេងម៉ាស៊ូតទៅកាន់ប្រទេសអ៊ុយក្រែនត្រូវបានបញ្ចប់ ហើយនឹងមិនចាប់ផ្តើមឡើងវិញទេរហូតដល់អ៊ុយក្រែនបន្តការផ្គត់ផ្គង់ប្រេងតាមរយៈបំពង់បង្ហូរប្រេង Druzhba ក្នុងទិសដៅទៅកាន់ប្រទេសហុងគ្រី»។
លោក អេសហ្ស៊ីជចាតូ បានកត់សម្គាល់ថា ប្រទេសនេះកំពុងផ្គត់ផ្គង់ក្នុងបរិមាណច្រើននៃប្រេងម៉ាស៊ូត ឧស្ម័ន និងថាមពលអគ្គិសនីដល់ប្រទេសអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា «ប្រទេសហុងគ្រីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនោះ»។
យោងតាមទិន្នន័យរបស់ប្រទេសហុងគ្រី បានឱ្យដឹងថា ប្រេងរបស់រុស្ស៊ីមិនមកដល់ប្រទេសហុងគ្រីទេចាប់តាំងពីថ្ងៃទី២៧ ខែមករា។ ទីក្រុងប៊ុយដាប៉េសមានទំនុកចិត្តថា ទីក្រុងគៀវមិនបន្តការដឹកជញ្ជូនឡើងវិញសម្រាប់ហេតុផលនយោបាយតែមួយមុខនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





