កិច្ចចរចាអ៊ីរ៉ង់-សហរដ្ឋអាមេរិកជុំទីពីរប្រព្រឹត្តទៅក្នុងបរិយាកាស «ស្ថាបនា» ខណៈដែលកិច្ចចរចាជុំថ្មីនឹងត្រូវបានកំណត់ពេល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- កិច្ចចរចាដោយប្រយោលជុំទីពីររវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីក្រុងហ្សឺណែវជាមួយនឹងបរិយាកាស «ស្ថាបនា» ជាងជុំមុនៗ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយ៉េដ អាបាស់ អារ៉ាកឈី (Seyed Abbas Araghchi) បានកត់សម្គាល់ថា ខណៈដែលកិច្ចព្រមព្រៀងរហ័សមិនត្រូវបានធានា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទូទៅទៅលើគោលការណ៍ណែនាំមួយចំនួន។ គោលការណ៍ទាំងនេះនឹងបម្រើជាមូលដ្ឋានសម្រាប់ការរៀបចំកិច្ចព្រមព្រៀងដែលអាចកើតមាន ខណៈដែលដំណើរការការទូតកំពុងដំណើរការទៅមុខ។
បើទោះបីជាមានវឌ្ឍនភាពនៅក្នុងបន្ទប់ប្រជុំក៏ដោយ ក៏ភាពតានតឹងក្នុងតំបន់នៅតែមានកម្រិតខ្ពស់។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា អ៊ីរ៉ង់បានធ្វើសមយុទ្ធកងទ័ពជើងទឹកបាញ់គ្រាប់ពិត ដែលបណ្តាលឱ្យមានការបិទផ្នែកខ្លះនៃច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន។ ក្នុងពេលជាមួយគ្នានេះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) បានច្រានចោលការគំរាមកំហែងនៃសកម្មភាពយោធាពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយបានអះអាងថាការប៉ុនប៉ងណាមួយដើម្បីផ្តួលរំលំសាធារណរដ្ឋអ៊ីស្លាមនឹងបរាជ័យដូចរដ្ឋបាលមុនៗដែរ។
ភាគីទាំងពីរមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំបន្ទាប់នៅឡើយទេ។ ផ្ទុយទៅវិញ ពួកគេបានព្រមព្រៀងផ្លាស់ប្តូរ និងកែលម្អសេចក្តីព្រាងអត្ថបទនៃកិច្ចព្រមព្រៀងដែលអាចកើតមាន មុនពេលកោះប្រជុំឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





