ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាពឡើយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាពរបស់ខ្លួនឡើយ។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយសកម្មជនស៊ីវិលបីនាក់ ខណៈដែលបានបង្ហាញពីភាពត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការបញ្ជាក់ពីលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក ប៉េហ្សេសគីអាន់ បាននិយាយថា អ៊ីរ៉ង់បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរដោយផ្អែកលើគោលនយោបាយដែលបានគូសបញ្ជាក់ និងក្រឹត្យសាសនាដែលចេញដោយមេដឹកនាំកំពូល លោក អាលី ខាមេណី (Ali Khamenei) របស់ប្រទេសអ៊ីរ៉ង់នោះទេ ដោយបានបន្ថែមថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទៀងផ្ទាត់ណាមួយនៅក្នុងន័យនោះ។
លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់នឹងមិនទទួលយកការបដិសេធមិនឱ្យប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីព្យាបាលអ្នកជំងឺ និងអភិវឌ្ឍឧស្សាហកម្ម និងកសិកម្មរបស់ខ្លួនឡើយ។
ការកត់សម្គាល់របស់លោកនេះបានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការបង្កើតយោធារបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីខាងលិច។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ចប់ជុំទីពីរនៃកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ។ កិច្ចចរចានោះត្រូវបានធ្វើឡើងនៅស្ថានទូតអូម៉ង់ក្នុងទីក្រុងស្វីស និងសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក សាយយីដ បាដ ប៊ីន ហាម៉ាដ ប៊ីន ហាមូដ អាល់ប៊ូសៃឌី (Sayyid Badr bin Hamad bin Hamood Albusaidi)។ ជុំទីមួយនៃកិច្ចចរចាដោយប្រយោលត្រូវបានធ្វើឡើងនៅរដ្ឋធានីមូស្កាតរបស់ប្រទេសអូម៉ង់កាលពីថ្ងៃទី០៦ ខែកុម្ភៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





